ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ថវិកាដែលបានមកពីព្រះរាជអំណោយព្រះមហាក្សត្រ និងហ្លួងម៉ែ និងសប្បុរសជននានាជួយក្នុងការបោសសម្អាតគ្រាប់មីន មកដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បានចំណាយអស់ហើយក្នុងចំនួនទឹកប្រាក់ជាង ១៨លានដុល្លារអាមេរិក ខណៈសម្តេច បានបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារទៀតទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីធ្វើយ៉ាងណាបោសសម្អាតគ្រាប់មីនឲ្យអស់ពីកម្ពុជាក្នុងឆ្នាំ២០២៥ខាងមុខនេះ។ យោងតាមទំព័រ Facebook ផ្លូវការសម្តេចនៅរាត្រីថ្ងៃទី០១ ខែធ្នូនេះ មានខ្លឹមសារថា “ដើម្បីធានាឆ្នាំ២០២៥កម្ពុជា និងអស់គ្រាប់មីន
ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ឋ បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារភ្លាមដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”។
សម្តេចតេជោបន្តថា ថវិកានេះរួមជាមួយថវិកាពីដៃគូរអភិវឌ្ឍន៍អាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣ ក្នុងករណីខ្វះ និងសម្រាប់ឆ្នាំ២០២៤ និង២០២៥ អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។ ដើម្បីឲ្យឆ្នាំ២០២៥កម្ពុជាគ្មានមីនការផ្តល់ដីដោយសុវត្តិភាពនិងដោយស្នាមញញឹមខ្ញុំសូមអំពាវនាវសប្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។សូមឲ្យឆ្នាំ២០២៥ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួសនិងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយ:ពេល៥៥ឆ្នាំ(១៩៧០.២០២៥)”៕





