ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ ធ្វើរោគវិនិច្ឆ័យបានរហ័ស, ដោយមានការចូលរួមពីសំណាក់លោក Hong Jiaqing អនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន China Meheco Group Co., Ltd. និងលោក Yang Haofang ប្រធានក្រុមហ៊ុន China Garea Pte. Ltd, នៅមន្ទីរពេទ្យបង្អែកកម្ពុជា-ចិន សែនសុខ រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ស្ថិតក្រោមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឹកនាំកំពូលប្រទេសយើងទាំងពីរ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរត្រូវបានបង្កើនឡើងជាលំដាប់ និងឈានដល់កម្រិតកំពូលគឺ «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាំងពីឆ្នាំ២០១១ និងកំពុងតែអនុវត្តផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន» និងជាពិសេសក្នុងអំឡុងពេលដែលពិភពលោក ទាំងមូលរងនូវការរាលដាលដោយជំងឺកូវីដ-១៩ សាធារណរដ្ឋប្រជាមានិតចិន ទាំងវិស័យរដ្ឋ ឯកជន និង សមាគមបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ-១៩។ ឧបករណ៍អមវេជ្ជសាស្ត្រដ៏ទំនើបទាំង៥គ្រឿងនេះ អាចជួយធ្វើរោគវិន្និច្ឆ័យបានរហ័ស តាមរយៈមុខងារ ទាំង៣របស់វា គឺ ១) តាមដានសញ្ញាជីវិត (Vital Signs) រួមទាំងការតាមដានចង្វាក់បេះដូងអេឡិចត្រូនិច (ECG)។ ២)ការធ្វើតេស្តឈាមខ្នាតតូច និងរហ័ស និង ៣) ម៉ាស៊ីនអេកូខ្នាតតូច។ លើសពីនេះទៀត ឧបករណ៍ អមវេជ្ជសាស្ត្រ នេះមានសមត្ថភាពអាចធ្វើរោគវិន្និច្ឆ័យ និងពន្យល់ពីវិធីព្យាបាលបានទៀតផង ប្រសិនបើ យើងអាចបញ្ចូលទិន្ន័យពេញលេញ។ លើសពីនេះ វាក៏អាចបញ្ជូនព័ត៌មាន ឬទិន្នន័យអ្នកជំងឺទៅឲ្យអ្នកឯកទេសតាមអនឡាញ ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យកាន់តែច្បាស់ ឬផ្តល់ប្រឹក្សាបន្ថែម (Telemedicine)។
ឯកឧត្តម រដ្ឋមន្រី្ត សង្ឃឹមជឿជាក់ថាមន្ទីរពេទ្យបង្អែកទាំង៥ ក្នុងរាជធានីភ្នំពេញ ដែលបានទទួល និងបានរៀនពីរបៀបប្រើប្រាស់ ថែទាំឧបករណ៍អមវេជ្ជសាស្ត្រឌីជីថលនេះ នឹងយកទៅប្រើប្រាស់ក្នុងស្មារតីក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ដើម្បីចូលរួមចំណែកបង្កើនគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការផ្តល់សេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏សូមថ្លែងអំណរគុណក្រុមហ៊ុន MEHECO និងក្រុមហ៊ុន GAREA និងលើកទឹកចិត្តដល់ក្រុមហ៊ុន ទាំង២ បន្តសហការ ឧបត្ថម្ភគាំទ្រ និងវិនិយោគវិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមកោតសរសើរ និងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលរាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បម្រើសុខភាពជូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ទោះក្នុងកាលៈទេសៈប្រទេសជាតិបានរងគ្រោះដោយការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ ជាពិសេសធានាបានសេវាសុខភាព ជាសារវន្ត និងសូមឱ្យអស់លោក លោកស្រី បន្តប្រតិបត្តិនូវកាយវិកាដ៏ល្អប្រពៃនេះ ហើយត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួនបំផុត ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ៕អត្ថបទ ៖ រដ្ឋា









