ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ អាស៊ាន ព្រមទាំងពង្រឹងសកលភាវូបនីយកម្ម និង ជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើ សមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ។
ជាមួយស្មារតីបុរេសកម្ម, កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញនេះផ្ទាល់ប្រកប ដោយភាពជោគជ័យ ដ៏ត្រចះត្រចង់ ដោយមានការអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផលចំនួន១០១។ក្នុងនោះ,ថ្នាក់ដឹកនាំអាស៊ាន បានទទួលស្គាល់វឌ្ឍនភាព នៃការអនុវត្ត ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងបានកំណត់ ទិសដៅអនាគតសម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈសេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។
ថ្នាក់ដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះ របាយការណ៍នគរូបនីយកម្មអាស៊ាន ប្រកបដោយ ចីរភាព ដែលនឹងពង្រឹងចំណេះ ដឹងទៅលើនិន្នាការនគរូបនីយកម្ម ប្រកបដោយចីរភាព ទូទាំង តំបន់អាស៊ាន និង ផ្សារភ្ជាប់យុទ្ធសាស្ត្រនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី ក្នុងន័យនេះ, សម្តេចសង្ឃឹមថា កិច្ចពិភាក្សាទី២ នារសៀលនេះ នឹងផ្តល់ឱកាសល្អៗ សម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាលើ បញ្ហាប្រឈម និងកាលានុវត្តភាពនៃនគរូបនីយកម្ម ប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន។
បន្ថែមលើនេះ, បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ២០១៨ បាន និង កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥, ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC)ឆ្នាំ២០២៥ និង ផែនការ ការងារលើកទី៣ ស្ដីពីគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន និង ការប្តេជ្ញាសម្រេចឱ្យ បាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និង របៀបវារៈអភិវឌ្ឍទីក្រុងថ្មី។
សម្តេចមានប្រសាសន៍ថា ក្របខណ្ឌបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ បានជំរុញការអនុវត្ត ផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) និងបានសម្រួលដល់ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍វិនិយោគទីក្រុង ឆ្លាតអាស៊ាន តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍, ការពង្រឹងភាពជាដៃគូ និង ការ- ផ្សារភ្ជាប់គម្លាតផ្នែកធនធាន ។
ក្នុងស្មារតីនេះ, ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ សម្តេចបានវាយតម្លៃខ្ពស់ និង សូមស្វាគមន៍ ចំពោះការពង្រីកសមាជិកភាពបន្ថែមដល់ទៅ ៣ ទីក្រុង បន្ថែមទៀត នៃសមាជិកអាស៊ាននីមួយៗ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ៕







