នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ នេះ អដ្ឋិធាតុនៃយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបូជាតាមបែបប្រពៃណីព្រះពុទ្ធសាសនារួចរាល់ហេីយ បន្ទាប់ពីធ្វេីមាតុភូមិនិវត្តន៍កាលពីថ្ងៃម្សិលមិញ។
ពិធីបូជាអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩ រូប ធ្វេីឡេីងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូប ដែលពលីក្នុងសម័យសង្គ្រាម ហេីយបានតម្កល់នៅក្នុងខេត្តដុងណាយ ប្រទេសវៀតណាមអស់រយៈពេលជាង ៤៥ ឆ្នាំ បានធ្វេីមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការទទួលពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។
បន្ទាប់ពីអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូប ត្រូវបានធ្វេីពិធីបូជាចប់ អដ្ឋិធាតុយុទ្ធជនទាំងនោះ ត្រូវបានដង្ហែយកទៅតម្កល់បណ្តោះអាសន្ននៅក្នុងអគារមិត្តភាពកម្ពុជា-វៀតណាម ក្នុងបរិវេណនៃតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ ដោយសារប្រាង្គចេតិយតម្កល់អដ្ឋិធាតុកំពុងសាងសង់។ ក្រោយពីប្រាង្គចេតិយសាងសង់រួចរាល់នៅខែមីនា ឆ្នាំ ២០២៣ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូបនោះ នឹងត្រូវដង្ហែទៅតម្កល់ក្នុងចេតិយ សម្រាប់គោរពដឹងគុណ៕


















