ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសថា ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ផ្អាកផ្ដល់អាជ្ញាប័ណ្ណ ការធ្វើអាជីវកម្មរ៉ែថ្មសំណង់ នៅទូទាំងប្រទេស ខណៈអាជីវកម្មមួយនេះ កំពុងប្រឈមនឹងបញ្ហាទីផ្សារ ។
ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការរ៉ែថ្មសំណង់ និងការប្រកាសស្តីអំពីការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងរ៉ែ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អាជីវកម្មថ្មសំណង់ កំពុងមានចំនួនលើសលុប ធ្វើឲ្យលើសតម្រូវការទីផ្សារ ដែលវាបានប៉ះពាល់ដល់អ្នកធ្វើអាជីវកម្មវិស័យនេះ ។
ឯកឧត្តម បានបន្តថា ដូចនេះហើយ ដើម្បីសម្រួលដល់បញ្ហានេះ ក្រសួងរ៉ែ និងថាមពល សម្រេចផ្អាកការផ្ដល់អាជ្ញាប័ណ្ណការធ្វើអាជីវកម្មរ៉ែថ្មសំណង់បន្ថែមទៀតមួយរយៈសិន តែសម្រាប់លិខិតបែបបទស្នើសុំដាក់ដល់ក្រសួងហើយនោះ ត្រូវអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណ ហើយលិខិតមិនទាន់ដល់ក្រសួង ត្រូវបានផ្អាក និងពេលមានតម្រូវការពេលណា នឹងប្រកាសអនុញ្ញាតឡើងវិញ ។
ឯកឧត្តម ស៊ុយ សែម បន្ថែមថា នៅកម្ពុជាទោះបីជាសម្បូរទៅដោយភ្នំ ប៉ុន្តែមានតែខេត្តកំពង់ស្ពឺទេ ដែលមានថ្មភ្នំល្អ អាចយកមកធ្វើសំណង់បាន ខណៈខេត្តផ្សេងៗទៀតមានតិចតួចប៉ុណ្ណោះ ហើយរាល់អាជីវកម្មរ៉ែថ្មសំណង់ទាំងអស់ ត្រូវរៀបចំថ្មឲ្យមានគុណភាពល្អ ដើម្បីយកទៅប្រើប្រាស់ធ្វើសំណងផ្សេងៗបានយូរឆ្នាំ ព្រោះថា រាល់រ៉ែទាំងអស់ ដែលកាយយកមកហើយ មិនមានកកើតឡើងវិញនោះទេ ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរ៉ែ បានប្រកាសទទួលស្គាល់សមាគមអ្នកផលិតថ្មសំណង់កម្ពុជា រួមទាំងបានអំពាវនាវ ដល់អ្នកធ្វើអាជីវកម្មរ៉ែថ្មសំណង់ ចូលរួមក្នុងសមាគមនេះទាំងអស់គ្នានៅទូទាំងប្រទេស ហើយកុំមានការបង្កើតសមាគមនៅតែខេត្តនីមួយៗទៀត ។
លោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង ប្រធានសមាគមអ្នកផលិតថ្មសំណង់កម្ពុជា បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសខេត្តជិតៗរាជធានីភ្នំពេញ បានប្រឈមមុខនូវបញ្ហាធំៗមួយចំនួន ដែលតម្រូវឲ្យអ្នកផលិតថ្មសំណង់មួយចំនួន ខាតមិនអាចឈរជើងដល់ការផ្អាក ឬឈប់សកម្មភាពផលិត ព្រោះមានការប្រកួតប្រជែងតម្លៃទីផ្សារខ្លាំងពេក ។
លោក ឧកញ៉ា បញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះហើយ ទើបនាំឲ្យមានបង្កើតនូវសមាគមនេះឡើង ហើយសមាជិកសមាគមទាំងអស់ នឹងគោរពច្បាប់ បទដ្ឋានគតិយុត្ត ក្នុងការផលិត ឬយករ៉ែថ្មសំណង់ និងសាចរណែនាំរបស់ក្រសួងរ៉ែ និងថាមពល ៕ អត្ថបទ បាន សុខរិទ្ធិ
