អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា លោកពុំមានផែនការភ្លាមៗដើម្បីទាក់ទងលោក Vladimir Putin នោះទេ ប៉ុន្តែលោកបានត្រៀមលក្ខណៈដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី ប្រសិនបើលោកបង្ហាញចំណាប់អារម្មណ៍ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងមានការពិភាក្សាជាមួយសម្ព័ន្ធណាតូ។
លោកនិយាយថា លោកត្រៀមខ្លួនដើម្បីពិភាក្សាជាមួយលោក Putin ប្រសិនបើការពិត លោកចាប់អារម្មណ៍ថា លោកសម្រេចចិត្តស្វែងរកវិធីដើម្បីបញ្ចប់សង្គ្រាម។ លោក Biden បានថ្លែងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន បន្ទាប់ពីបានពិភាក្សាជាមួយសមភាគីបារាំងលោក Emmanuel Macron។ មេដឹកនាំទាំងពីរបានសន្យាសាមគ្គីភាពជាមួយអ៊ុយក្រែនប្រឆាំងសង្គ្រាមរបស់រុស្ស៊ី ហើយប្តេជ្ញាថានឹងធ្វើការរួមគ្នាដើម្បីដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ចដែលជម្លោះបាននាំមក។ លោក Biden បានដាក់ទំនួលខុសត្រូវលើការបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមដោយការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ដោយផ្តោតត្រង់ៗលើលោក Putin។ មានវិធីមួយសម្រាប់បញ្ចប់សង្គ្រាមនេះគឺជាវិធីសមហេតុផល ដែលលោក Putin អាចដកកងទ័ពចេញពីអ៊ុយក្រែន ប៉ុន្តែវាទំនងជាលោកនឹងពុំធ្វើដូច្នេះនោះទេ។
លោក Macron បាននិយាយថា ប្រទេសទាំងពីរមានទំនួលខុសត្រូវរួមគ្នា ដើម្បីការពារលទ្ធិប្រជាធិបតេយ្យសម្រាប់ភាគីទាំងសងខាង ហើយប្រឈមមុខនឹងផលវិបាកដោយផ្ទាល់ និងដោយប្រយោលនៃសង្គ្រាមនៅអ៊ុយក្រែនជាមួយគ្នា។ ខណៈមេដឹកនាំបានជួបគ្នា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានបាត់បង់ទាហានចន្លោះពី ១០,០០០ទៅ ១៣,០០០នាក់នៅក្នុងសង្គ្រាមរហូតមកដល់ពេលនេះ។ នៅទីក្រុង Kherson កាលពីថ្ងៃព្រហស្បតិ៍ ទាហានអ៊ុយក្រែនបានដើរល្បាតនៅជិតប្លុកលំនៅឋាន ដែលរងការខូចខាតធ្ងន់ធ្ងរដោយការបាញ់ផ្លោងរបស់រុស្ស៊ី ខណៈពលរដ្ឋបានបញ្ចេញកំហឹងរបស់ពួកគេ៕
អត្ថបទ៖ ប៊ុនថន