ស៊ីហ្គេម៖ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសជាផ្លូវការថា ប្រទេសម្ចាស់ផ្ទះវៀតណាមសម្រេចដាក់ ៤០ប្រភេទកីឡាក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ ឆ្នាំ២០២១ ដែលនឹងដំណើរការប្រកួតចាប់ពីកំឡុងខែវិច្ឆិកាតទៅ ខណៈកម្ពុជានឹងបញ្ជូនអត្តពលិក ៣២ប្រភេទកីឡាប៉ុណ្ណោះទៅចូលរួម។
យោងតាមបណ្ដាញសង្គមដើម្បីផ្សព្វផ្សាយស៊ីហ្គេម២០២៣ ដែលមានឈ្មោះ Cambodia SEA GAMES 2023 បានឲ្យដឹងថា កីឡាទាំង ៤០ប្រភេទនេះរួមមានកីឡាអត្តពលកម្ម, កាយសម្ព័ន្ធ, បាញ់កាំភ្លើង, តេក្វាន់ដូ (WT), ទោចក្រយាន, បាញ់ធ្នូ, គុនដាវ, យូដូ, វូស៊ូ, បញ្ចសិលា, ចំបាប់, ការ៉ាតេ, វូវីណាម, កីឡារាំ, គូរ៉ាស្ហ, ប្រដាល់បុរាណ, ឃីគបុកស៊ីង, ទ្រីយ៉ាត្លុង, ជូជីតស៊ូ, ហែលទឹក, ហ្វីនស្វីមីង, លើកទម្ងន់, រ៉ូវីង, កានូកាយ៉ាក, បាល់ទាត់, បាល់ទះ, បាល់គប់, បាល់បោះ, សីដក់, កាយវប្បកម្ម, ប៊ីយ៉ា, ប៉េតង់, អុក, វាយកូនឃ្លីលើតុ, វាយសី, វាយកូនបាល់, វាយកូនគោល, ប៊ូលីង និងកីឡាអេឡិចត្រូនិច។ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ណែនាំសហព័ន្ធជាតិ គ្រូបង្វឹកទាំងអស់ដែលពាក់ព័ន្ធនឹងការត្រៀមខ្លួន ចូលរួមប្រកួតនៅប្រទេសវៀតណាម សូមពិនិត្យមើលប្រភេទកីឡា និងវិញ្ញាសារបស់ខ្លួនដើម្បីរៀបចំកីឡាករ កីឡាការិនី និងខិតខំរៀបចំយុទ្ធសាស្ត្រ និងវិធីសាស្ត្រក្នុងការហាត់ហ្វឹកហ្វឺនឲ្យស្របទៅតាមប្រភេទកីឡា និងវិញ្ញាសាដែលបានកំណត់។
សូមរំលឹកថា ឆ្នាំ២០១៩ ស៊ីហ្គេមនៅប្រទេសហ្វីលីពីន កម្ពុជាបានបញ្ជួនកីឡា ៣៣ប្រភេទទៅចូលរួមប្រកួត តែកាលនោះហ្វីលីពីនដាក់ ៥៦ប្រភេទកីឡា ហើយកម្ពុជាដណ្តើមបានមេដាយសរុប ៤៦គ្រឿងក្នុងនោះមាស ៤គ្រឿង, ប្រាក់ ៦គ្រឿង និងសំរឹទ្ធ ៣៦គ្រឿង ហើយអ្វីដែលកត់សម្គាល់បំផុត ក្រុមបាល់ទាត់កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រា និងបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍នេះ៕ អត្ថបទ៖ គង់ ហួន






