ភ្នំពេញ៖ ថ្ងៃខួប៧ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ យុវជនខ្មែរជំនាន់ក្រោយ ប្តេជ្ញាថែរក្សា អភិរក្ស និងផ្សព្វផ្សាយល្បែងមួយនេះឲ្យមានភាពល្បីល្បាយបន្ថែមទៀត។
យុវជនរស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី២ខែធ្នូនេះ បានប្រាប់BTVឱ្យដឹងថា ក្នុងនាមជាពលរដ្ឋខ្មែរពិតជាមានក្តីរំភើបរីករាយ ក្នុងឱកាសខួប៧ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ហើយតាមការសង្កេត ការលេងល្បែងនេះ ភាគច្រើនលេងនៅក្នុងពិធីបុណ្យផ្សេងៗ ជាពិសេសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានអំពាវនាវដល់សាធារណៈជន និងភាគីពាក់ព័ន្ធបន្តថែរក្សាល្បែងទាញ ដែលជាមរតកដូនតាបន្សល់ទុកឲ្យអ្នកជំនាន់ក្រោយ។ ក្រៅពីនេះ ឯកឧត្តម បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យវប្បធម៌ សិល្បៈខ្មែរផងដែរ។
ពាក់ព័ន្ធនឹងល្បែងទាញព្រ័ត្រនេះដែរកន្លងទៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រោងនឹងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតទាញព្រ័ត្រជាលក្ខណៈអន្តរជាតិ នៅក្នុងព្រឹត្តិការអង្គរសង្រ្គាន្ត ឆ្នាំ២០២៣ ស្ថិតនៅខេត្តសៀមរាប។
ល្បែងទាញព្រ័ត្រ ដែលជាល្បែងប្រជាប្រិយខ្មែរមួយប្រភេទមានតាំងពីដូនតាមកហើយនោះ ត្រូវបានចុះបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធមអរូបីនៃមនុស្សជាតិ នាកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលថែរក្សាបេតិកភណ្ឌវប្បមធ៌ ប្រទេសណាមីប៊ី នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ ការចុះបញ្ជីល្បែងទាញព្រ័ត្រនេះ ធ្វើឡើងរួមគ្នាក្នុងប្រទេសចំនួន៤រួមមាន៖ប្រទេសកម្ពុជា ហ្វីលីពីន កូរ៉េខាងត្បូង និងប្រទេសវៀតណាម៕ អត្ថបទ៖ទូច សោភ័ណ