ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតជូនលោកស្រី Nadia Lasri, Senior Country Manager, Gavi-HSS and COVAX Facilitator ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ, នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ កោតសរសើរ និងថ្លែងអំណរគុណលោកសី ប្រធានគ្រប់គ្រងប្រចាំប្រទេសអង្គការ Gavi និងសហការី និងអង្គការទាំងមូល ដែលតែងតែផ្ដល់នូវការឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសលើការងារវ៉ាក់សាំងមូលដ្ឋាន ជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងការរីករាលដាល ជំងឺកូវីដ-១៩ ដែលបានសម្របសម្រួលឱ្យកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ មុនគេ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ រួមទាំងប្រព័ន្ធត្រជាក់ផងដែរ។
លោកស្រី Nadia Lasri ប្រធានអង្គការ Gavi បានសម្តែងនូវការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ជំរុញឱ្យកម្ពុជាអាចបើក ដំណើរការឡើងវិញទាំងសេដ្ឋកិច្ចនិងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។
លោកស្រីប្រធានអង្គការ ក៏បានជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០០ រហូតមកបច្ចុប្បន្ន អង្គការ Gavi បានជួយគាំទ្រថវិកាសម្រាប់ទិញវ៉ាក់សាំង សម្ភារៈបរិក្ខារ ប្រព័ន្ធត្រជាក់ និងសម្រាប់ប្រតិបត្តិការ សរុបជាង ៩០លានដុល្លារអាមេរិក។ លើសពីនេះទៀត អង្គការ Gavi បាន ផ្តល់ជំនួយបច្ចេកទេសលើការពង្រឹងសមត្ថភាពបុគ្គលិកផ្តល់ថ្នាំបង្ការ ពង្រឹងសម្ថភាពប្រព័ន្ធត្រជាក់ ទូទឹកកក បរិក្ខារ និងការគ្រប់គ្រងវ៉ាក់សាំង លើកកម្ពស់ការអប់រំសុខភាពសហគមន៍អំពីផលប្រយោជន៍នៃការចាក់វ៉ាក់សាំង ពង្រឹង សកម្មភាពតាមដានស្រាវជ្រាវជំងឺ១១មុខ របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ អង្គការ Gavi ក៏បានប្តេជ្ញាបន្តកិច្ចសហ- ប្រតិបត្តិការជាមួយក្រសួងសុខាភិបាល និងបានស្នើសុំការគាំទ្របន្ថែមទៀតពីអង្គការ Gavi។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី បានថ្លែងអំណរគុណអង្គការ Gavi និងស្នើសុំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាលបន្ថែមទៀត ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ កិច្ចជំនួបពិភាក្សាបានបញ្ចប់ ដោយលទ្ធផលគួរជាទីមោទនៈក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង Gavi៕អត្ថបទ៖ រដ្ឋា




