អេស្ប៉ាញ៖ នគរបាលនិយាយថា ស្ថានទូតអាមេរិកក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍បានស្ទាក់ចាប់បានកញ្ចប់មួយគួរឱ្យសង្ស័យ ដែលមានរូបរាងដូចទៅនឹងលិខិតបង្កប់គ្រឿងផ្ទុះចំនួន ៥ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអេស្ប៉ាញ។

កញ្ចប់នេះត្រូវបានរកឃើញនៅស្ថានទូតអាមេរិកដោយមន្ត្រីសន្តិសុខ ហើយក្រោយមកត្រូវបានបំផ្ទុះក្រោមការគ្រប់គ្រងដោយនគរបាល។ ប្រទេសអេស្បាញបានរឹតបន្តឹងសន្តិសុខនៅជុំវិញអគារសាធារណៈ បន្ទាប់ពីកញ្ចប់ទីមួយត្រូវបានផ្ញើរទៅកាន់នាយករដ្ឋមន្ត្រីលោក Pedro Sanchez កាលពីថ្ងៃទី24 ខែវិច្ឆិកា ហើយកាលពីថ្ងៃពុធកញ្ចប់ទីពីរបានផ្ញើទៅកាន់ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអេស្ប៉ាញ ដែលបានផ្ទុះបណ្តាលឲ្យមន្ត្រីសន្តិសុខម្នាក់រងរបួសស្រាល។ ពេលនេះសន្តិសុខត្រូវបានបង្កើននៅជុំវិញស្ថានទូត។ កាលពីយប់ថ្ងៃពុធ ក្រុមហ៊ុន Instalaza ជាក្រុមហ៊ុនផលិតសព្វាវុធនៅទីក្រុង Zaragoza ភាគឦសានប្រទេសអេស្ប៉ាញដែលបានបញ្ជូនរ៉ុក្កែត C90 ជាង ១,០០០គ្រឿងឲ្យប្រទេសអ៊ុយក្រែន បានទទួលកញ្ចប់មានផ្ទុកគ្រឿងផ្ទុះមួយផ្សេងទៀត ហើយកាលពីថ្ងៃព្រហស្បតិ៍មូលដ្ឋានទ័ពអាកាសដែលបំពាក់ផ្កាយរណបអឺរ៉ុប ក្រសួងការពារជាតិអេស្ប៉ាញ និងស្ថានទូតអាមេរិកបានទទួលកញ្ចប់លិខិតបង្កប់គ្រឿងផ្ទុះដូចគ្នានេះ។
បន្ទាប់ពីទទួលបានកញ្ចប់លិខិតមានគ្រឿងផ្ទុះចូលទៅស្ថានទូតអ៊ុយក្រែនបានបំផ្ទុះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានបញ្ជាឱ្យស្ថានទូតទាំងអស់របស់ទីក្រុង Kyiv នៅបរទេសពង្រឹងសន្តិសុខជាបន្ទាន់។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអេស្បាញលោក Serhii Pohoreltsev ទំនងជាដាក់កំហុសលើរុស្ស៊ី។ លោកបាននិយាយទៅកាន់ស្ថានីយទូរទស្សន៍អេស្ប៉ាញ TVE ថា យើងទទួលបានការណែនាំពីក្រសួងនៅប្រទេសអ៊ុយក្រែន ដែលបានផ្តល់ឱ្យនូវស្ថានភាពត្រូវត្រៀមលក្ខណៈសម្រាប់ឧប្បត្តិហេតុណាមួយ ជាសកម្មភាពរបស់រុស្ស៊ីនៅខាងក្រៅប្រទេស៕
អត្ថបទ៖ ប៊ុនថន