អ៊ុយក្រែន៖ យោធាអ៊ុយក្រែននិយាយថា ខ្លួនបានរកឃើញបំណែកមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដោយរុស្ស៊ី ដែលមានក្បាលគ្រាប់មិនអាចផ្ទុះនៅភាគខាងលិចប្រទេសអ៊ុយក្រែន ហើយគោលបំណងជាក់ស្តែងរបស់ពួកគេគឺដើម្បីធ្វើឲ្យរំខានដល់ការការពារដែនអាកាស។
លោក Mykola Danyliuk អ្នកតំណាងអង្គភាពស្រាវជ្រាវរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយក្នុងសន្និសីទសារព័ត៌មានថា បំណែកមីស៊ីលដែលបានធ្លាក់នៅតំបន់ភាគខាងលិចទីក្រុង Lviv និង Khmelnytskyi កាលពីថ្ងៃទី31 ខែតុលា ត្រូវបានគេកំណត់ថា ជាផ្នែកមីស៊ីលតម្រង់គោលដៅ Kh-55។ មីស៊ីល Kh-55 ត្រូវបានផលិតឡើងដោយសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ1970 សម្រាប់ប្រើប្រាស់លើគោលដៅយុទ្ធសាស្ត្រ។ វាត្រូវបានបម្រុងទុកជាចម្បងដើម្បីផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក។ មន្ត្រីរូបនេះបាននិយាយថា ការសាកល្បងលើបំណែកពុំបានបង្ហាញពីកម្រិតខុសប្រក្រតីនៃវិទ្យុសកម្មនោះទេ។ ក្រសួងការពារជាតិរុស្ស៊ីពុំបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
លោក Danyliuk និយាយថា មីស៊ីលត្រូវបានបំពាក់ដោយក្បាលគ្រាប់ដែលមិនផ្ទុះ ដែលក្បាលគ្រាប់មួយក្នុងចំណោមនោះត្រូវបានដាក់តាំងបង្ហាញ នៅលើវេទិកានៃមជ្ឈមណ្ឌលសន្និសីទក្នុងទីក្រុង Kyiv ជាកន្លែងដែលលោកកំពុងរៀបចំសន្និសីទសារព័ត៌មាន។ លោក Danyliuk និយាយថា មីស៊ីល Kh-55 ពុំត្រូវបានប្រើប្រាស់ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនមុនថ្ងៃទី31 ខែតុលានោះទេ។ ទោះបីជាដូច្នេះមីស៊ីលនេះបានបង្ហាញពីកម្រិតនៃគ្រោះថ្នាក់ ដោយសារតែថាមពលកម្លាំងចលនា និងឥន្ធនៈរបស់វា។ នេះគឺជាភស្តុតាងដោយការប៉ះពាល់នៃមីស៊ីល Kh-55 ធ្លាក់ចូលទៅក្នុងអគារលំនៅឋានមួយ ហើយការប្រើប្រាស់មីស៊ីលប្រភេទនេះគឺមានបំណងធ្វើឲ្យរំខានការយកចិត្តទុកដាក់ នៃប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន