ភ្នំពេញ៖ កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ ក្នុងការស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នូវក្រុមជនសង្ស័យ ពាក់ព័ន្ធនិងករណី កាច់.ក ម៉ូតូ និងប្លន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើង ក្នុងភូមិសាស្ត្រជាច្រើនខណ្ឌ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ ។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយមានការដឹកនាំកម្លាំង និងបញ្ជារផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ។ លទ្ធិផល បណ្តោះអាសន្នសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យសរុបបាន៤នាក់ និងបានដកហូតម៉ូតូជាច្រើនគ្រឿង និងរថយន្តមួយគ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនផងដែរ ។
បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនបន្តទៅ កាន់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសាកសួរនាំ បន្តនីតិវិធីច្បាប់ ។
តាមប្រភពមន្ត្រីសមត្ថកិច្ចក្រុមទាំងនេះ គឺជាក្រុមជំនាញ និងសកម្មបំផុត ក្នុងការធ្វើសកម្មភាព លួចឆក់ប្លន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។សមត្ថកិច្ចបានបន្តទៅឆែកឆេរ ផ្ទះជនសង្ស័យ រកឃើញសម្ភារៈកាច់.កម៉ូតូមួយចំនួនធំ និងស្លាកលេខម៉ូតូ រួមទាំងរថយន្តផងដែរ៕ អត្ថបទ៖ លីហេង និង កុម្ភះ







