ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្លែងថា ៤៤ឆ្នាំ នៃថ្ងៃបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិ ជាការចងចាំជាប្រវត្តិសាស្រ្ត នៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា មានប្រសាសន៍ថា អង្គមិទ្ទិញខួបលើកទី៤៤នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏មានសារៈសំខាន់ បំផុតចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា ដោយសារ រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាជបឱ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែ រណសិរ្ស ២ធ្នូ នៅបានជួយស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ថ្លែងថា អស់រយៈពេល ៤៤ឆ្នាំ កន្លងផុតទៅ ប្រជាពលរដ្ឋទាំងអស់គា្ននៅតែចងចាំជានិច្ចនូវ អតីតកាលដ៏ងងឹតសូន្យសុងដែលពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សារ និរាសព្រាត់ប្រាស់ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានឡើយ ដោយសារតែអង្គការ របស់ប៉ុលពត បានប្លន់យកទាំងស្រុងនូវសមិទ្ធផលនៃការតស៊ូរបស់ប្រជាជនកម្ពុជា ដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព ហើយបានបំផ្លាញអស់នូវតម្លៃរបស់មនុស្ស ក៏ដូចជារចនាសម្ព័ន្ធនៃសង្គមជាតិទាំងមូល។
លោកជំទាវកិត្តិសង្គហបណ្ឌិត បញ្ជាក់ថា រយៈពេល៤៤ ឆ្នាំបានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅតែស្ថិតក្នុងដួងចិត្ត និងការចងចាំនៃប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងផ្អែកលើមូលដ្ឋាននេះហើយ ដែលធ្វើឲ្យប្រជាជនកម្ពុជាយល់ដឹងយ៉ាងច្បាស់ថា រណសិរ្ស ២ធ្នូ គឺជាបុព្វការីដ៏មានមហាគុណូបការៈចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕ អត្ថបទ៖ សេក ឧត្តម