ភ្នំពេញ ៖ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ផ្តល់មតិយោបល់ បទពិសោធន៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។
កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងពីប្រធានបទ ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ការកសាងសហគមន៍ អាស៊ាន។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រាជធានី ឬរដ្ឋធានីនៃបណ្ដាប្រទេសដែលជាម្ចាស់ផ្ទះអាស៊ានតែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ហៅកាត់ថា MGMAC ។ កិច្ចប្រជុំនេះត្រូវបានខកខានមិនបានរៀបចំរយៈពេល២ឆ្នាំជាប់គ្នា ដោយគ្រាន់តែចេញសេចក្តីថ្លែងការណ៍ពីចម្ងាយ ដោយសារមូលហេតុនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ាន ដោយរដ្ឋបាលរាជធានីភ្នំពេញជាអ្នករៀបចំ កិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញ នាថ្ងៃទី២ និងទី៣ ខែធ្នូ ឆ្នាំ២០២២នេះ ។
ឯកឧត្តម ឃួង ស្រេង បន្តថា បញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ បានរំលឹកដល់មេដឹកនាំទីក្រុងឱ្យយកចិត្តទុកដាក់បន្ថែមទៀតទៅលើការត្រៀមខ្លួនរបស់ទីក្រុងឱ្យបានប្រសើរជាងមុន សម្រាប់ការលេចចេញជាយថាហេតុណាមួយ និងសម្រាប់ផែនការស្ដារឡើងវិញប្រកបដោយចីរភាព និងមានភាពធន់។ នៅក្នុងបរិបទនេះ ការរីកចម្រើនផ្នែកបច្ចេកវិទ្យានាំមុខដោយឌីជីថលនីយកម្មនឹងត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមផង និងជាឱកាសផង សម្រាប់ទីក្រុងនីមួយៗ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់នៅក្នុងអង្គប្រជុំនេះថែមទៀតថា ការបង្កើតទីក្រុងភ្នំពេញដំបូងគឺសម្រាប់ដាក់មនុស្សតែ៣០ម៉ឺននាក់ប៉ុណ្ណោះ ហើយកាលពីជាង៤០ឆ្នាំមុន ទីក្រុងដ៏កំសត់មួយនេះបានក្លាយជាទីក្រុងខ្មោច មិនមានអ្វីទាំងអស់ ។ តែក្រោយពីសម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិមួយនេះឱ្យរួចផុតពីសង្គ្រាម សម្តេចតេជោ បានអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ និងបានធ្វើឱ្យរាជធានីភ្នំពេញមានប្រជាពលរដ្ឋមករស់នៅប្រមាណ៣លាននាក់។ ឯកឧត្តម ឃួង ស្រេង បន្ថែមថា នេះជាបទពិសោធន៍ដ៏ធំមួយដែលកម្ពុជាបានចែករំលែកជូនអង្គប្រជុំ នោះគឺ សន្តិភាព។ សន្តិភាព មានតម្លៃណាស់ មិនអាចកាត់ថ្លៃបានទេ។ មានសន្តិភាព ទើបយើងមានឱកាសក្នុងការអភិវឌ្ឍទីក្រុង និងប្រទេសឱ្យរីកចំរើនរុងរឿង។
ក្នុងកិច្ចប្រជុំនេះ អភិបាលរាជធានី និងរដ្ឋធានី ឬតំណាងមកពីរាជធានីនីមួយៗ ដូចជា ប្រទេសព្រុយណេ ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន សិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម បានផ្តល់នូវមតិយោបល់ បទពិសោធន៍ពីទីក្រុងរបស់ខ្លួនជូនអង្គប្រជុំ ក្នុងការរៀបចំផែនការទីក្រុងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ទីក្រុង ការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយចីរភាព ការគ្រប់គ្រងគ្រោះមហន្តរាយ ការរៀបចំទីក្រុងបៃតង ការកាត់បន្ថយហានិភ័យអាកាសធាតុ បច្ចេកវិទ្យា និងសុវត្ថិភាពសាធារណៈ បច្ចេកវិទ្យាសម្រាប់ទីក្រុងប្រកបដោយចីរភាព មានភាពធន់ ទេសចរណ៍ និងវប្បធម៌ឆ្ពោះទៅសហគមន៍ប្រកបដោយចីរភាព៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



















