ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Jean Mari Andre តំណាងអង្គការ HelpMeSee មានទីស្នាក់ការទីក្រុង New York សហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត Jean Mari Andre បានគោរពជម្រាបជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីថា អង្គការ HelpMeSee គឺជាអង្គការដែលមិនរកប្រាក់ចំណេញ (non-profit organization) ដែលមានទីស្នាក់ការទីក្រុង New York សហរដ្ឋអាមេរិក។ អង្គការនេះ មានចក្ខុវិស័យក្នុងការជួយលុបបំបាត់ភាពពិការភ្នែក ដែលបង្កដោយជំងឺភ្នែកឡើងបាយ តាមរយៈការបណ្តុះបណ្តាលវជ្ជបណ្ឌិតឯកទេសចក្ខុរោគអំពីរបៀបវះកាត់ Manual Small Incision Cataract Surgery (MSICS)។ ស្ថាបនិក នៃអង្គការនេះ គឺលោក Albert L Ueltschi ដែលជាស្ថាបនិក នៃក្រុមហ៊ុន FlightSafety Interational ផងដែរ បាននាំមកនូវបទពិសោធន៍នៃការបណ្ដុះបណ្តាលអ្នកបើកបរយន្តហោះ ដោយប្រើបច្ចេកវិទ្យា បង្ហាញត្រាប់ (simulation-based aviation) ដើម្បីបង្កើតឡើងនូវម៉ាស៊ីនសម្រាប់បណ្តុះបណ្តាលបង្ហាញត្រាប់សម្រាប់ វះកាត់ភ្នែក (simulation-based Eye Surgery Simulator)។ ពេលនេះ លោកវេជ្ជបណ្ឌិត មានបំណងនាំយកនូវបច្ចេក វិទ្យានេះមកដល់កម្ពុជា ដើម្បីជួយបណ្តុះបណ្តាលវេជ្ជបណ្ឌិតនៅកម្ពុជា ក្នុងការវះកាត់ភ្នែកឡើងបាយ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោក Jean Mari Andre ដែលបានផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងថា ការបណ្តុះបណ្តាលបង្ហាញត្រាប់ តាមរយៈម៉ាស៊ីន simulation-based Eye Surgery Simulator នេះពិតជានឹងជួយលើកកម្ពស់សមត្ថភាពរបស់និសិ្សត និងគ្រូពេទ្យរបស់យើងឲ្យកាន់តែមានភាពស្ទាត់ជំនាញ មុននឹងធ្វើការវះកាត់លើអ្នកជំងឺជាក់ស្តែង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រី្ត ក៏បានណែនាំឲ្យអង្គការ HelpMeSee សហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែ-សូវៀត និងមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការរៀបចំការបណ្ដុះបណ្តាលនិសិ្សត និងលោក លោកស្រី វេជ្ជបណ្ឌិតឯកទេសចក្ខុរោគឲ្យបានច្រើន នាពេលអនាគតខាងមុខ។
ទន្ទឹមនឹងនោះលោកវេជ្ជបណ្ឌិត Jean Mari Andre បានថ្លែងអំណរគុណដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានគាំទ្រ គម្រោងនេះ លោកសន្យានឹងខិតខំរៀបចំស្នើសុំទៅស្នាក់ការកណ្តាលរបស់អង្គការ HelpMeSee នៅទីក្រុង New York សហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងនេះ នៅព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ រដ្ឋា






