ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះជនពិការភាព ខណៈសព្វថ្ងៃមានជនពិការភាពជិតមួយម៉ឺននាក់បាននិងកំពុងបម្រើការក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេស ដោយតួលេខនេះបានសបញ្ជាក់ឲ្យឃើញថាជនពិការនៅកម្ពុជាកាន់តែមានសមត្ថភាពច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
តាមរយៈសាលិខិត ផ្ញើជូនដល់បងប្អូនជនរួមជាតិក្នុង ក្នុងឱកាសទិវាជនមានពិការភាព កម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់មិន អាចកំណត់ដោយការមើលនឹងភ្នែកនោះទេ» នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បច្ចុប្បន្នជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ ក្នុងឆ្នាំ២០២២ ជនមានពិការភាពចូល បម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៧ មានចំនួន៣ ៧៤៨នាក់ ក្នុងនោះស្រ្តីមានពិការភាពចំនួន៨៦២នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២២៦០នាក់ បើគិតជាភាគរយ ២,០១% កើនលើសឆ្នាំ២០២១»។
ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានចំនួន២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាពចូលបម្រើការងារ ចំនួន៥ ៨៣៩នាក់ ស្រ្តីមានពិការភាព ៣,៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩៥៨៧នាក់កំពុងបម្រើការងារ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា «នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងដំណើរអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នៅទូទាំងប្រទេស គោលបំណងផ្តល់បណ្ណសំគាល់ពិការភាពជូនជនមានពិការភាពយកទៅប្រើប្រាស់ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមប្រកបដោយសមធម៌ និងបរិយាបន្ន ដោយគិតត្រឹម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្ភាសន៍ជនមានពិការភាពសរុបចំនួន ២៥៣ ២៥៧នាក់ (ស្រី ១១៩,៥៦១នាក់)»។
ជាមួយគ្នានោះ សម្តេចតេជោបានបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាពជនមានពិការភាព ឱ្យកាន់តែប្រសើឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជាផងដែរ៕

