ភ្នំពេញ៖ រថយន្តសេរីទំនើបម៉ាក Lamborghini Urus តម្លៃរាប សែនដុល្លា បានរងការខូចខាត បន្ទាប់ពីបុរសម្នាក់ សង្ស័យបើក សាកល្បឿន ជ្រុលទៅ បុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ចំណុចផ្លូវលេខR5 ក្នុងតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ម៉ាក Lamborghini Urus ថ្មីស្រឡាង ពណ៌ក្រហម គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ សង្ស័យបើកបររថយន្តសាកល្បឿន ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខR5 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោងស្រាប់តែ រថយន្ត បួងចង្កូតមិនទាន់បានជ្រុលទៅបុក សួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតរថយន្តមួយកំណាត់មុខ ហើយ ប៉ើងថ្មទៅប៉ះរថយន្ត Ranger Rover សេរីទំនើបមួយគ្រឿងបណ្ដាលឲ្យរងការខូចខាត។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត មិនចង់វែងឆ្ងាយបានព្រមសងសំណង ជួសជុល ជូនរថយន្ត Rang Rover និង ចេញថ្លៃខូចខាតសួនច្បារពុះចែកទ្រូងផ្លូវ បញ្ចប់រឿងតែម្តង៕ អត្ថបទ៖ កុម្ភៈ







