ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា(ខេមតិច) សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាដទៃទៀតក្នុងប្រទេសកម្ពុជា និងអន្តរជាតិ បានរៀបចំសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីសូហ្វវែរ ចំណេះដឹង ការគ្រប់គ្រង ព័ត៌មាននិងកម្មវិធី (Software, Knowledge, Information Management and Applications – SKIMA) ក្រោមការឧបត្ថមបច្ចេកទេសរបស់ IEEE (The Institute of Electrical and Electronic Engineering) ដែលជាសហគមន៍អ្នកបច្ចេកទេសជំនាញផ្នែកអគ្គិសនី និងអេឡិចត្រូនិច ដ៏ធំបំផុតមួយលើសាកលលោក។
សន្និសីទអន្តរជាតិនេះ មានការចូលរួមពីអ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកអនុវត្តមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សា ក្រុមហ៊ុនឯកជន ស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នរដ្ឋាភិបាលជាតិ និងអន្តរជាតិចំនួនប្រមាណ ៩០នាក់ មកពី ១៧ប្រទេស នៅថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក អាឡាំហ្គៀ ហូសេន (Alamgir Hossain) សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យខេមតិច បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានថា នេះជាលើកទីពីរដែលសន្និសីទអន្តរជាតិប្រារព្ធនៅប្រទេសកម្ពុជា និងជាលើកទីមួយ ដែលខេមតិច សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសដទៃទៀត រៀបចំសន្និសីទអន្តរជាតិSKIMA នៅប្រទេសកម្ពុជា ជាមួយនឹងគោលបំណង៣គឺ ១)លើកកម្ពស់ដំណោះស្រាយជាក់ស្តែងសម្រាប់ការអភិវឌ្ឍឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ២)ប្រមូលផ្តុំអ្នកជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អ្នកស្រាវជ្រាវ អ្នកជំនាញគ្រប់គ្រង អនុវត្តចំណេះដឹងវិស្វកម្មសូហ្វវែរ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន និង៣)ផ្តល់វេទិកាសម្រាប់ការចែករំលែកគំនិត បទពិសោធន៍ និងទស្សនៈផ្សេងៗ។
លោកបានឲ្យដឹងទៀតថា សន្និសីទអន្តរជាតិនេះ ធ្លាប់បានរៀបចំនៅបណ្តាបច្ចឹមប្រទេស និងអាស៊ីជាច្រើនលើករួចមកហើយ ដើម្បីផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកអនុវត្តមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សា ក្រុមហ៊ុនឯកជន ស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាល បានជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងទស្សនៈផ្សេងៗប្រកបដោយភាពច្នៃប្រឌិតក្នុងគោលដៅអភិវឌ្ឍនិងអនុវត្តបច្ចេកវិទ្យាឆ្លាតវៃ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិ ក៏ដូចជាឆ្ពោះទៅរកបរិវត្តកម្មឌីជីថលប្រកបដោយចីរភាពសម្រាប់គ្រឹះស្ថានឧត្តមសិក្សានាពេល អនាគត។
នៅក្នុងពិធីបើកសន្និសីទអន្តរជាតិនេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គៀតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានវាយតម្លៃខ្ពស់ពីសារៈសំខាន់នៃអង្គសន្និសីទ និងសា្វគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់។ ឯកឧត្តម បានសង្កត់ធ្ងន់ថាសន្និសីទនេះ បានផ្តល់ឱកាសដ៏ពិសេសដល់អ្នកជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អ្នកស្រាវជ្រាវ អ្នកជំនាញគ្រប់គ្រង អនុវត្តចំណេះដឹងវិស្វកម្មសូហ្វវែរ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន ក្នុងការចែករំលែកគំនិត បទពិសោធន៍ និងទស្សនៈផ្សេងៗសំដៅលើកកម្ពស់ដំណោះស្រាយជាក់ស្តែងសម្រាប់ការអភិវឌ្ឍឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។
នៅក្នុងដំណើរការសន្និសីទនេះដែរ ក៏មានការរៀបចំសិក្ខាសាលាស្តីពីសាកលវិទ្យាល័យនិងចីរភាពឌីជីថលផងដែរ ដោយមានការចូលរួមថ្លែងសុន្ទរកថាគន្លឹះបើកដោយសាស្រ្តាចារ្យបណ្ឌិត Jeffrey Sachs ប្រធានបណ្តាញ ដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ប្រធានគណៈកម្មការLancet COVID-19 និងជានាយកមជ្ឍមណ្ឌលអភិវឌ្ឍប្រកបដោយចីរភាពនៃសាកលវិទ្យាល័យកូឡុំបៀ។ សូមបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានៃសិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំនិង សាស្រ្តចារ្យតំណាងគ្រឹះស្ថានឧត្តមសិក្សាជាតិ រួមមាន សាកលវិទ្យាល័យខេមតិច សាកលវិទ្យាល័យពុទ្ធិសាស្រ្ត វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ និងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិមកពីចក្រភពអង់គ្លេស អូស្រ្តាលី បារំាង ចិន ជប៉ុន ថៃ ម៉ាឡេស៊ី ហុងគ្រី បង់ក្លាដេស ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េ ហ្វីលីពីន ប៉ូឡូញ ស្រីលង្កា ទុយនេស៊ី និងនេប៉ាល់។ ការពិភាក្សាបានផ្តោតលើការផ្លាស់ប្តូរការស្រាវជ្រាវ និងនវានុវត្តន៍ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មី ជាពិសេស វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត។
សិក្ខាសាលាស្តីពីសាកលវិទ្យាល័យ និងចីរភាពឌីជីថលមានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងទស្សនៈផ្សេងៗពាក់ព័ន្ធនឹងកាលានុវត្តភាព និងបញ្ហាប្រឈមនានានៃបរិវត្តកម្មឌីជីថលសម្រាប់ស្ថាប័ន ដូចជា ហិរញ្ញវត្ថុ ធនធានមនុស្ស បណ្ណាល័យ កីឡា ប្រព័ន្ធគ្រប់គ្រងការសិក្សា ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) ការរៀនលាយបញ្ចូលគ្នា (Blended learning) ការរៀនតាមកម្មវិធីទូរស័ព្ទ (M-learning) និងការរៀន តាមកម្មវិធីនិម្មិត/ហ្គេម(VR/game-based learning) ជាដើម។ សិក្ខាសាលានេះ ក៏មានគោលបំណងនាំមក នូវរបត់ថ្មីដល់គ្រឹះស្ថានឧត្តមសិក្សាឱ្យធ្វើការជាមួយក្រុមការងារគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិ ភ្នាក់ងាររដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយ ដើម្បីកសាងក្របខ័ណ្ឌឌីជីថលសម្រាប់ កំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕ អត្ថបទ ៖ រ៉ាវី









