បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯងស្របពេល Barcelona បំបាក់ Athletic Bilbao ៤-០ លើកពាន Copa del Rey លើកទី៣០ ក្នុងប្រវត្តិសាស្ត្រក្លិប។

តែ ៤គ្រាប់ដែល Barcelona រកបាននេះគឺត្រូវរង់ចាំរហូតដល់វគ្គទី២ នាទីទី៦០ ទើបខ្សែប្រយុទ្ធបារាំង Antoine Griezmann រកបានគ្រាប់នាំមុខ មុនពេលដែល Luuk de Jong បន្ថែម ១គ្រាប់ទៀត ៣នាទីបន្ទាប់។ ២គ្រាប់ចុងក្រោយ Lionel Messi ជាអ្នកសំរេចនៅនាទីទី៦៨ និង ៧២។ ៤គ្រាប់ក្នុងរយៈពេល ១២នាទីធ្វើឲ្យ Athletic Bilbao ក្រឡាប់ចាក់ និងជាការបាត់បង់ពាន Copa del Rey ២ ក្នុងរយៈពេល ២សប្តាហ៍ ពោលគឺ Bilbao ទើបតែចាញ់ Real Sociedad វគ្គផ្តាច់ព្រ័ត្រ Copa del Rey រដូវកាលមុនដែលលើកមករដូវកាលនេះដោយសារ Covid-19។ នេះជាពានដំបូងរបស់ Barcelona ក្រោមការដឹកនាំរបស់លោក Ronald Koeman និងពានដំបូងរបស់ Barcelona តាំងពីឆ្នាំ២០១៩៕
អត្ថបទ៖នាង សុភាវុធ