កំពត់៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានចុះទស្សនកិច្ចស្វែងយល់អំពីខ្សែចង្វាក់ផលិតកម្មទឹកត្រី និងដំណើរការផ្សារលក់ផលិតផលខ្មែរនៅខេត្តកំពត ក្នុងគោលបំណងជំរុញការនាំចេញផលិតផលទឹកត្រីកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េ។
ប្រភពពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចនេះនឹងជួយឱ្យគណៈប្រតិភូទាំងអស់ ជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីខ្សែចង្វាក់ផលិតកម្ម និងផលិតផលទំនិញរបស់កម្ពុជា ដើម្បីពង្រីកទីផ្សារនាំចេញ បន្ទាប់ពីផ្គង់ផ្គង់គ្រប់គ្រាន់នៅក្នុងស្រុក។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ភាគីកូរ៉េ ឱ្យប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែលកម្ពុជាជាសមាជិករួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ រីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ដែលទើបតែចូលជាធរមាននៅដើមខែនេះ ដើម្បីជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើងបន្ថែមទៀត។ ឯកឧត្តមបានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនឯកជនសិក្សាស្វែងយល់ និងទាញយកបច្ចេកទេសបទពិសោធន៍ថ្មីៗបន្ថែមទៀតពីខាងភាគីកូរ៉េ ដើម្បីបង្កើនគុណភាព ផលិតភាព និងស្ដង់ដារផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ជាមួយគ្នានេះភាគីក៉ូរ៉េបានបង្ហាញនូវក្តីរីករាយ ចំពោះដំណើរទស្សនកិច្ចមកកាន់សហគ្រាសទាំងនេះ និងបានបង្ហាញពីគោលបំណងរបស់គណៈប្រតិភូ ក្នុងការនាំយកនូវផលិតផលទឹកត្រីខ្មែរចូលទៅកាន់ទីផ្សារប្រទេសកូរ៉េ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើជាវត្ថុធាតុដើមក្នុងការផលិតគីមឈីផងដែរ។ លោកបន្តថា នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីជំរុញកិច្ចការនេះឱ្យបានឆាប់បំផុត។ ឧកញ៉ា ចាន់ ស៊ីថា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេងបានឲ្យដឹងថា គិតមកដល់សព្វថ្ងៃនេះសិប្បកម្មលោកមានអាយុកាល ២៧ឆ្នាំហើយ និងបានវិវឌ្ឍន៍ខ្លួនបន្តិចម្តងៗរហូតទទួលបានស្តង់ដារជាតិមុនគេក្នុងខេត្តកំពតនាឆ្នាំ២០០៣, បានទទួលគម្រោងអភិវឌ្ឍន៍ TDF ក្នុងឆ្នាំ២០០៩, ទទួលបានមេដាយក្នុងការប្រកួតប្រជែងកែច្នៃកសិកម្ម និងបានបង្កើតផ្សាក្នុងឆ្នាំ២០១៧, ទទួលបានពានចំនួន ៥ ពីក្រសួងរ៉ែនិងថាមពល និងទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិនៅឆ្នាំ២០១៨ និងថ្មីៗនេះទទួលបានស្តង់ដារហាឡាលកម្ពុជាពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហៅកាត់ ក.ប.ប នៃក្រសួងពាណិជ្ជកម្មផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី