តាកែវ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានក្រើនរំលឹក ក៏ដូចជាណែនាំបន្ថែមទៀតទៅដល់អ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ ត្រូវតែបង្កើនការរឹតបន្តឹង និងធានាឱ្យបាននូវតម្លាភាព និងយុត្តិធម៌ដល់បេក្ខជនដែលមកប្រឡង។
ថ្លែងនៅក្នុងកិច្ចប្រជុំណែនាំបច្ចេកទេសនីតិវិធី និងបច្ចេកទេសក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់គណៈប្រយោគ ប្រធានមណ្ឌលប្រឡង និងអនុរក្សទាំងអស់នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍បន្តថា ការប្រឡងសញ្ញាតប្រធម្យមសិក្សាទុតិយភូមិហៅកាត់ បាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ខាងមុខនេះហើយ ដូច្នោះសូមអនុរក្សទាំងអស់ត្រូវសហការគ្នាឱ្យបានល្អប្រសើរជាមួយនឹងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចក្នុងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ទាំងនៅមុនពេល, ក្នុងពេល, និងក្រោយពេលប្រឡងបញ្ចប់ ដើម្បីធានាបាននូវការប្រឡងក្នុងបរិយាកាសស្ងប់ស្ងាត់ ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។ ឯកឧត្តមបន្ថែមថា នៅក្នុងពេលដំណើរការប្រឡង សូមអនុរក្សទាំងអស់ ពិសេសអ្នកតំណាងឱ្យអង្គភាពប្រឆាំងអំពើពុករលួយ សូមយកចិត្តទុកដាក់បន្ថែមទៀតចំពោះបេក្ខជន ដោយមិនឱ្យមានបេក្ខជនណាម្នាក់ធ្វើខុសពីបទបញ្ជាផ្ទៃក្នុង ក្នុងពេលប្រឡងបង្កការរំខានទៅដល់បេក្ខជនផ្សេងទៀតបានជាដាច់ខាត។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏បានណែនាំបន្ថែមទៀតទៅដល់លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក៏ដូចជាអនុរក្ស និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាបែងចែក និងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ហើយក្នុងនោះសូមអាជ្ញាធរមូលដ្ឋានត្រូវរៀបចំឱ្យបានត្រឹមត្រូវ នៅកន្លែងផ្ញើកង់ម៉ូតូដល់បេក្ខជន ដោយមិនត្រូវយកប្រាក់ពីបេក្ខជននោះឡើយ លើសពីនេះក្នុងនាមរដ្ឋបាលខេត្តក៏សូមអំពាវនាវទៅដល់ម្ចាស់ផ្ទះសំណាក់ និងអាហារដ្ឋានសូមកុំតំម្លើងថ្លៃក្នុងរយៈពេលប្រលង ២ថ្ងៃនេះ។ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឱ្យដឹងថា សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅទូទាំងខេត្តតាកែវមានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល មានបន្ទប់ប្រឡង ៣៨៩បន្ទប់ និងមានបេក្ខជនសរុប ៩៥៧១នាក់៕ អត្ថបទ៖ គុជ វិភាគ
