បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២នេះ សិស្សានុសិស្សយ៉ាងច្រើនកុះករបានមកពិនិត្យឈ្មោះ លេខតុ លេខបន្ទប់ និងមណ្ឌលប្រឡងនៅតាមមណ្ឌលប្រឡងទាំង១៤ដែលរៀបចំនៅក្នុងក្រុងបាត់ដំបង និងស្រុកសង្កែ។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងបានឱ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២២នេះ ខេត្តបាត់ដំបងមានមណ្ឌលប្រឡងចំនួន ១៤មណ្ឌល ចែកចេញជា ៣៦៣បន្ទប់ មានបេក្ខជនសរុប ៨៩៨៧នាក់។ លោក យី សុងគី បានថ្លែងឱ្យដឹងទៀតថា ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ មានអ្នកសង្កេតការណ៍រាប់រយនាក់មកពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការរៀបចំក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ប្រចាំការនៅតាមមណ្ឌលប្រឡងផងដែរ។ លោកបន្ថែមថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំកន្លែងស្នាក់នៅសាធារណៈ សម្រាប់បេក្ខជនមានជីវភាពខ្វះខាតចំនួន ៥កន្លែងនៅក្នុងក្រុងបាត់ដំបង រួមមាននៅក្នុងបរិវេណសាលាបឋមសិក្សាវត្តកំផែង សាលាបឋមសិក្សាចំការសំរោង សាលាបឋមសិក្សាព្រែកព្រះស្ដេច សាលាបឋមសិក្សា១៣ មករា និងសាលាបឋមសិក្សាអូរចាជាដើម។
លោកបញ្ជាក់បន្ថែមថា ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបានជួយចេញថ្លៃសេវាផ្ញើកង់ ម៉ូតូ នៅគ្រប់មណ្ឌលប្រឡងទាំងអស់ ជាពិសេសឯកឧត្តមអភិបាលខេត្តបានតម្រូវឱ្យផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋានកុំដំឡើងតម្លៃសេវា៕ អត្ថបទ៖ នឿត សុភ័ក្ត្រ