កំពង់ឆ្នាំង៖ យោងតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នេះបានអោយដឹងថា រយៈពេល ២ថ្ងៃនៃពិធីបុណ្យអុំទូក បាញ់កាំជ្រួច ក្នុងខេត្តកំពង់ឆ្នាំង ទទួលភ្ញៀវទេសចរជាតិអន្តរជាតិបានជិត ៣០ម៉ឺននាក់។ ភ្ញៀវទេសចរទាំងនោះ មានមកពីតាមបណ្តាខេត្តនៅជុំវិញខេត្តកំពង់ឆ្នាំង ជាពិសេសមកពីរាជធានីភ្នំពេញផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា ការប្រារព្ធពិធីបុណ្យអុំទូក បាញ់កាំជ្រួចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តទៅមានរយៈពេល ២ថ្ងៃជាប់ៗគ្នាគឺចាប់ពីថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណជិត ៣០ម៉ឺននាក់បានចូលរួមដើរលេងកំសាន្តសប្បាយ ដោយទឹកមុខរីករាយ និងសាទរចំពោះការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានប្រារព្ធឡើងក្រោមម្លប់សុខសន្តិភាព។ ការចូលរួមកំសាន្តសប្បាយជាមួយបុណ្យអុំទូកឆ្នាំនេះ គឺជាលើកទី១ របស់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ដែលរដ្ឋបាលខេត្តបានប្រារព្ធទិវានេះឡើង ព្រោះពិធីបុណ្យអុំទូកបានប្រព្រឹត្តទៅតែនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ នាពេលកន្លងមក។ ក្រោយពីមានការអនុញាតិពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងដោយមានការចាក់វ៉ាក់សាំងការពារបាននៅតាមសហគមន៍គ្មានជម្ងឺកូវីដ១៩ផងនោះ ធ្វើអោយប្រជាពលរដ្ឋទាំងអស់ចូលរួមកំសាន្តយ៉ាងសប្បាយរីករាយតែម្តង។
ពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងពិធីបុណ្យអុំទូក បាញ់កាំជ្រួចនេះផងដែរ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងការការពារថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយសក្នុងពិធីបុណ្យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានយកចិត្តទុក្ខដាក់ពង្រាយកម្លាំងសរុបប្រមាណជាង ២ពាន់នាក់ដោយត្រូវឈរនៅតាមគោលដៅរៀងៗខ្លួនដែលបានកំណត់ទុករួចហើយ។ ក្នុងរយៈពេល ២ថ្ងៃនៃការប្រារព្ធពិធីបុណ្យអុំទូកនេះ ពុំមានហេតុការណ៍អ្វីកើតឡើងគួរអោយកត់សម្គាល់នោះឡើយ ដោយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបាននាំគ្នាដើរកំសាន្តរីករាយ លេងទឹកក្នុងតំបន់ត្រជាក់ អង្គុយមើលការប្រណាំងទូក បាញ់កាំជ្រួចយ៉ាងសប្បាយក្រោមម្លប់សុខសន្តិភាពទៀតផង ដោយមិនខ្វល់ពីបញ្ហាអ្វីឡើយ។
យុវជន និងប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យនេះបានអោយដឹងថា ពួកគាត់មានចិត្តសប្បាយរីករាយណាស់ ព្រោះនេះជាលើកទី១ ហើយដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីនេះឡើង ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត។ រយៈពេល ២ថ្ងៃនៃពិធីបុណ្យអុំទូក បាញ់កាំជ្រួចនៅខេត្តកំពង់ឆ្នាំងនាំអោយប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំង ទទួលបានអត្ថប្រយោជន៍ច្រើនដូចជាអាជីវករដែលមានស្តង់លក់ដូរអាហារ សំលៀកបំពាក់ គ្រឿងសម្ភារៈផ្ទះបាយ អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ម៉ូតូឌុប ម៉ូតូកង់បី ។ល។ សុទ្ធតែទទួលបាននូវផលចំណេញពីការងារមុខរបររបស់ខ្លួន ជាពិសេសការប្រារព្ធពិធីបុណ្យនេះ បានបង្ហាញអោយឃើញនូវភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ និងបង្ហាញពីសុខសន្តិភាពមានពិតប្រាកដ នៅក្នុងប្រទេសកម្ពុជាមិនអាចប្រកែកបានឡើយ៕ អត្ថបទ៖ ហុង វាស្នា




