កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ នៅវិទ្យាល័យក្រុងព្រះបាទសុរាម្រឹត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ អង្គភាពប្រឆាំងអំពើពុករលួយ ស្នងការនគរបាលខេត្ត ប្រធានមន្ទីរអប់រំយុវជន និងបេក្ខជនប្រឡងផងដែរ។
នាឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រមូលនូវចំណេះដឹងដែលខ្លួនមាន ដើម្បីប្រឡងយកសញ្ញាបត្រនេះទៅបន្តការរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាជាបន្តទៀត។ កាលណាប្អូនៗមានចំណេះជំនាញពិតប្រាកដ ប្អូនៗអាចយកទៅប្រើការក្នុងការងារចិញ្ចឹមជីវិតប្រចាំគ្រួសារ និងសង្គមជាតិ ក្រោមម្លប់សន្តិភាពដែលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា សូមបេក្ខជនទាំងអស់ កុំលួចចម្លងគ្នា និងសុំកុំលួចដាក់ប្រ៊ីយ៉ុងតាមខ្លួន ព្រោះករណីនេះ ប្រសិនបើគណៈកម្មការរៀបចំការប្រឡង ពិសេសអង្គភាពប្រឆាំងអំពើពុករលួយចាប់បាន នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ ជាមួយនេះដែរសូមរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងគោរពវិន័យឱ្យបានល្អក្នុងពេលប្រឡង និងចូលរួមទាំងអស់គ្នាក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងអស់គ្នា។
ដោយឡែកលោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា សម្រាប់សម័យប្រឡងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំសិក្សា២០២១ និង២០២២នេះ ខេត្តកំពង់ឆ្នាំង មានបេក្ខជនប្រឡងចំនួន៤៣៦០នាក់ ស្រី២៣៩៨នាក់ ដោយបានចែកចេញជា ៨មណ្ឌល រួមមានថ្នាក់វិទ្យាសាស្ត្រ ២មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ៦មណ្ឌល ក្នុងចំណោម៨មណ្ឌលប្រឡងនោះ ត្រូវបានចែកចេញជា ១៧៦បន្ទប់ផងដែរ។
សូមបញ្ជាក់ថា សម្រាប់ការត្រួតពិនិត្យវិញ្ញាសាប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកំពង់ឆ្នាំងឆ្នាំនេះ គឺបានដំណើរការទៅតាមកម្មវិធីដែលគ្រោងទុក ព្រមទាំងមានគណៈកម្មការប្រលងថ្នាក់ជាតិ ថ្នាក់ខេត្ត ចូលរួមត្រួតពិនិត្យវិញ្ញាសាប្រកដដោយការយកចិត្តទុកដាក់ និងសុវត្ថិភាព ដោយមានការចូលរួមចុះហត្ថលេខា ទទួលស្គាល់ពីបេក្ខជនជាច្រើនរូបផងដែរ៕ អត្ថបទ៖ ហុង វាស្នា





