កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ បានលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន ចៀសវាងល្មើសនឹងបទបញ្ជាប្រឡង។
ការជំរុញទឹកចិត្តរបស់អភិបាលខេត្តកោះកុងនៅពេលនេះ ធ្វើឡើងអំឡុងលោកជំទាវ មិថុនា ភូថង អញ្ជើញកាត់វិញ្ញាសារប្រឡងនៅវិទ្យាល័យចំណេះបច្ចេកទេសតេជោសែនកោះកុង។
លោកជំទាវ សូមជូនពរក្មួយៗសិស្សានុសិស្សជាបេក្ខជនប្រឡងទទួលបានជោគជ័យល្អទាំងអស់គ្នា។
លោកជំទាវ មិថុនា ភូថង ក៏ថ្លែងឱ្យដឹងជាមុនថា ថ្នាក់ដឹកនាំខេត្ត នឹងឧបត្ថម្ភថវិកា៤លានរៀល និងកុំព្យូទ័រយួរដៃ១គ្រឿង ប្រសិនបើបេក្ខជនប្រឡងជាប់បាននិទ្ទេសA។ មួយវិញទៀតនោះ អាចទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យផ្សេងទៀតផងដែរ។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បង្ហាញថា ខេត្តកោះកុង មានមណ្ឌលប្រឡងចំនួន៣មណ្ឌល គឺទី១មណ្ឌលនៅវិទ្យាល័យចំណេះបច្ចេកទេសតេជោសែនកោះកុង ទី២មណ្ឌលនៅអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី និងទី៣ មណ្ឌលសាលាបឋមសិក្សាទីរួមខេត្ត។
សម្រាប់សិក្សាឆ្នាំ២០២១-២០២២ មានបេក្ខជនប្រឡងសរុបចំនួន១.០៥៨ ក្នុងនោះមានថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ ចំពោះដំណើរការប្រឡងថ្ងៃដំបូង ប្រព្រឹត្តដោយក្រោមបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ៕(ដោយ៖ ឈឹម មករា)







