ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានផ្ញើសារជូនលោក Alexey Kruk ប្រធានអង្គការ MAG ប្រចាំកម្ពុជា និងក្រុមការងារ MAG ទាំងអស់ ក្នុងឱកាសប្រារព្ធខួប ៣០ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ដែលជាការងារដ៏អស្ចារ្យ ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងការចូលរួមចំណែកក្នុងការកសាងអនាគតរបស់កម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរដល់អង្គការ MAG ដែលទទួលបានការរីកចម្រើនយ៉ាងខ្លាំង និងបានកសាងសុច្ឆន្ទៈដ៏លេចធ្លោនៅក្នុងសហគមន៍ ព្រមទាំងជូនពរឲ្យអង្គការ MAG ទទួលបានជោគជ័យជាច្រើនឆ្នាំបន្ថែមទៀត និងរួមចំណែកមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ MAG រហូតដល់ប្រទេសកម្ពុជារួចផុតពីសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងអស់។
ឯកឧត្តមមានប្រសាសន៍លើកឡើងថា “ក្នុងឆ្នាំ ១៩៩២ ខណៈពេលដែលភាគីប្រដាប់អាវុធពាក់ព័ន្ធនៅតែមានទស្សនៈផ្សេងគ្នាអំពីរបៀបជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នៅពេលនោះ យើងបានឯកភាពលើតម្រូវការមនុស្សធម៌ជាបន្ទាន់មួយ នោះគឺការចាប់ផ្តើមបោសសម្អាតមីន ដើម្បីមាតុភូមិនិវត្តន៍ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។ ចាប់តាំងពីពេលនោះមក សកម្មភាពមីន បានវិវត្តន៍ពីដំណាក់កាលកសាងឡើងវិញជាមួយនឹងជម្លោះប្រដាប់អាវុធដែលកំពុងបន្តរហូតដល់ដំណាក់កាលអភិវឌ្ឍន៍ឥឡូវនេះ”។
ឯកឧត្តមបន្តទៀតថា “ទោះបីជាមានព្រឹត្តិការណ៍អកុសលនៅឆ្នាំ ១៩៩៦ ដែលអង្គការ MAG បានបាត់បង់វីរបុរសដ៏អស្ចារ្យចំនួនពីររូប ដោយសារខ្មែរក្រហម គឺលោក Christopher Howes និងលោក Huon Hourth ប៉ុន្តែឆន្ទៈរបស់អ្នកដោះមីនដ៏ក្លាហានរបស់អង្គការ MAG បានបន្តការខិតខំប្រឹងប្រែង ដើម្បីបោសសម្អាតមីនដោយមិនស្ទាក់ស្ទើរឡើយ។ ខ្ញុំពិតជាសូមអរគុណចំពោះការលះបង់របស់អង្គការ MAG មិនអាចបំភ្លេចបាន”។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា “ឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃការបង្កើតអង្គការ MAG នៅកម្ពុជា សូមឲ្យយើងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីចងចាំ និងអរគុណដល់វីរបុរសដែលបាត់បង់ជីវិតរបស់យើងទាំងអស់ ដែលបានលះបង់ជីវិតសម្រាប់សកម្មភាពមីន និងសូមអរគុណដល់វីរបុរសកំចាត់មីនរបស់យើង ដែលបន្តធ្វើការដោយមិនភ័យខ្លាច និងឥតឈប់ឈរ ដើម្បីកំចាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពីប្រទេសជាតិរបស់យើង”៕










