បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញបញ្ជីឈ្មោះកីឡាករ នៃក្រុមជម្រើសជាតិកម្ពុជាផ្លូវការហើយដោយមានបេក្ខភាព ២៤រូបសម្រាប់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនាថ្ងៃទី០៩ ខែធ្នូ និងត្រៀមការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022 ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខាងមុខ។

សម្រាប់កីឡាករ ២៤រូបដែលត្រូវបានសម្រេច និងជ្រើសរើសដោយអ្នកចាត់ការទូទៅលោក Keisuke Honda នេះ រួមមានសមាជិកក្លិបភ្នំពេញក្រោន ៥រូបគឺកីឡាករ ជួន ចាន់ចាវ, សឿត បារាំង, យ៉ើ ម៊ូស្លីម, អ៊ន ចាន់ប៉ូលីន និង លឹម ពិសុទ្ធ។ សមាជិកវិសាខា ១០រូបគឺមាន កែវ សុខសិលា, វីរៈ ដារ៉ា, ឆេង ម៉េង, ទេស សម្បត្តិ, អ៊ុក សុវណ្ណ, អ៊ិន សូដាវីដ, ធារី ចន្ថាប៊ីន, កែវ សុខផេង, សារ ទី និង រ៉ឹង ប៊ុនហៀង។ សមាជិកក្លិបព្រះខ័នរាជស្វាយរៀង ២រូបគឺខ្សែការពារ សារ៉េត គ្រីយ៉ា និង សឿយ វិសាល។ សមាជិកក្រុមបឹងកេត ៤រូបគឺមាន ហ៊ុល គឹមហ៊ុយ, តាំង ប៊ុនឆៃ, ម៉ាត់ នូរុណ និង សៀយ ចន្ធា។ សមាជិកក្លិបណាហ្គាវើលដ៏ម្នាក់គឺកីឡាករ សុះ ស៊ូហាណា និងកីឡាករប្រកបអាជីពក្រៅស្រុក ២រូបគឺកីឡាករខ្មែរ-បារាំង កុក បូរីស លេងនៅក្លិបម៉ាឡេស៊ី Sarawak United និងកីឡាករខ្មែរ-អាមេរិក ថេឡរ នីកូឡា ឌឿង លេងនៅក្លិបអាមេរិក Orlando City។
បន្ទាប់ពីការបង្ហាញបញ្ជីឈ្មោះនេះ ក្រុមគោព្រៃកម្ពុជាគ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់នៅដើមសប្ដាហ៍នេះ ដើម្បីធ្វើការប្រកួតមិត្តភាពអន្ដរជាតិ និងដកស្រង់បច្ចេកទេសជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅទឹកដីម៉ាឡេស៊ីនាថ្ងៃទី០៩ ខែធ្នូខាងមុខ ដែលជាការប្រកួតដកស្រង់បច្ចេកទេសត្រៀមឆ្ពោះទៅរកការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 រវាងក្រុមទាំងពីរ។ សម្រាប់បេសកកម្មប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍វិញកម្ពុជាគឺស្ថិតក្នុងពូល A ខណៈកម្មវិធីប្រកួតរួមមានថ្ងៃទី២០ ខែធ្នូ កម្ពុជាត្រូវបើកទ្វារផ្ទះទទួលហ្វីលីពីនមុនគេ មុនជួបឥណ្ឌូនេស៊ីក្រៅដីនាថ្ងៃទី២៣ ខែធ្នូខាងមុខ។ បន្ទាប់មកនៅថ្ងៃទី២៩ ខែធ្នូ កម្ពុជានឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោជាថ្មីទទួលក្រុមប្រ៊ុយណេវិញម្ដង មុនការប្រកួតបញ្ចប់ជាមួយក្រុមម្ចាស់ផ្ទះថៃនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ។ គួរដឹងថា សម្រាប់ការប្រកួតក្នុងដីរបស់ក្រុមគោព្រៃកម្ពុជា គឺអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងទូរទស្សន៍ BTV-News បានទទួលសិទ្ធធ្វើការផ្សាយផ្ទាល់ ពីវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោជូនដល់បងប្អូនប្រជាពលរដ្ឋបានទស្សនា។ កុំភ្លេចចូលរួមទស្សនា និងគាំទ្រក្រុមជម្រើសជាតិកម្ពុជាឲ្យបានច្រើនកុះករ៕
អត្ថបទ៖ លី ឈុនឡា