ស្វាយរៀង៖ ឯកឧត្តម គាំ រីបូន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង តំណាងឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងក្រុមការងារ បានចូលរួមកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៤ នៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសង្កាត់បាទី ក្រុងបាវិត។
លោក គាំ រីបូន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម លី ធុជ ជូនចំពោះសមាជិក សមាជិកា និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ នៅសង្កាត់បាទី ហើយឯកឧត្តមបានទទូចថា ទោះក្នុងតម្លៃណាក៏ដោយ ក៏យើងត្រូវតែថែរក្សា ការពា សន្តិភាព ដែលជាកត្តាចាំបាច់បំផុត សម្រាប់ការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។
លោកបន្តថា យើងទាំងអស់គ្នា កំពុងទទួលផល ផ្លែផ្កា ពីសុខសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។ ជាការពិត គឺបានកើតចេញពីការសម្រេចចិត្ត ដាក់ជីវិតផ្ទាល់ខ្លួន របស់សម្តេចតេជោក្នុងឆ្នាំ ១៩៧៧ ដើម្បីរំដោះប្រទេសជាតិ និងសង្រ្គោះ ប្រជាពលរដ្ឋចេញពីរបប ប្រល័យពូជសាសន៍, ការបង្កើតរណសិរ្សរំដោះជាតិ ២ ធ្នូ ១៩៧៨, ការរំដោះជាតិ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ ហើយបន្ទាប់មក ក៏មានការចរចារស្វែងរកសន្តិភាព ដោយបានចាប់ផ្តើមពីការចរចារដំបូង ជាមួយសម្តេចព្រះបរមរតនកោត អតីតព្រះមហាក្សត្រ ក្នុងឆ្នាំ១៩៨៧ ការចូលជួបចរចារជាមួយខ្មែរក្រហម នៅក្នុងតំបន់គ្រប់គ្រងរបស់ពួកគេ ក្នុងឆ្នាំ ១៩៩៦ និងការទទួលបានសន្តិភាព ឯកភាពជាតិ ពេញលេញក្នុងឆ្នាំ១៩៩៨។
ក្រោយការជួបជុំសំណេះសំណាលឯកឧត្តម និងសហការី បានចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ដល់គ្រួសារចាស់ជរាទីទ័លក្ ដល់ខ្នងផ្ទះមួយចំនួនផងដែរ៕






