បាល់ទាត់៖ ក្រុមការពារតំណែងជើងឯកបារាំងបានកក់កៅអីនៅវគ្គ ៨ក្រុមចុងក្រោយហើយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup បន្ទាប់ពីយកឈ្នះក្រុមប៉ូឡូញ ៣-១។

ខ្សែប្រយុទ្ធ AC Milan, Olivier Giroud គឺអ្នករកបានគ្រាប់នាំមុខឱ្យបារាំងនៅនាទីទី៤៤ មុនចប់វគ្គទី១ ដែលមួយគ្រាប់នេះធ្វើឱ្យកីឡាករវ័យ ៣៦ឆ្នាំរូបនេះមានគ្រាប់បាល់ស៊ុតបញ្ចូលទីឱ្យបារាំងសរុប ៥២គ្រាប់ច្រើនជាងគេឡើងពីលើ Thierry Henry ដែលមានសរុប ៥១គ្រាប់។ ក្រុមរបស់លោក Didier Deschamps មើលទៅមិនមានការលំបាកខ្លាំងឡើយនៅពេលជួបប៉ូឡូញនៅវគ្គនេះ បន្ទាប់ពីខ្សែប្រយុទ្ធ PSG, Kylian Mbappe ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងបន្ថែមទៀតនៅនាទីទី៧៤ និង ៩០+១។
Kylian Mbappe នៅពេលនេះមានគ្រាប់បាល់នៅ World Cup សរុប ៧គ្រាប់បូកពី World Cup 2018 នៅរុស្ស៊ី ធ្វើឱ្យគេក្លាយជាកីឡាករទី១ ដែលរកបាន ៧គ្រាប់នៅ World Cup មុនអាយុ ២៤ឆ្នាំបំបែកកំណត់ត្រារបស់ Pele។ ក្រុមប៉ូឡូញក៏តបបានមួយគ្រាប់ដែរដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Robert Lewandowski នាទីទី៩០+៧ តែមិនគ្រប់គ្រាន់ឡើយ។ បារាំងបន្តដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយ World Cup ដោយនឹងជួបជាមួយអង់គ្លេសនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ