UN៖ អង្គការសហប្រជាជាតិបានពន្យារពេលការសម្រេចចិត្តថា តើបុគ្គលណាដែលគួរតែតំណាងឲ្យសហភាពមីយ៉ាន់ម៉ា ស្របពេលមានក្ដីបារម្ភថា រុស្ស៊ីដែលបានខិតចូលកាន់តែជិតទៅនឹងក្រុមមេដឹកនាំរដ្ឋប្រហារ របស់សហភាពមីយ៉ាន់ម៉ាអាចរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់សេចក្ដីសម្រេចរួមជាអន្តរជាតិដោះស្រាយ ក្នុងប្រទេសហែកហួរដោយវិបត្តិមួយនេះ។

គណៈកម្មការសាតាំងរបស់អង្គការសហប្រជាជាតិមានរដ្ឋជាសមាជិកចំនួន៩ របស់អង្គការសហប្រជាជាតិរួមមានប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ក្រោមការពិចារណាថា តើបុគ្គលមកពីភាគីខាងណាមួយ ដែលគួរតែតំណាងឲ្យសហភាពមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ តើគួរតែជាឯកអគ្គរដ្ឋទូតដែលកំពុងប្រចាំនៅអង្គការសហប្រជាជាតិលោក Kyaw Moe Tun ដែលត្រូវបានតែងតាំងដោយមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតលោកស្រី Aung San Suu Kyi ឬជាបុគ្គលដែលត្រូវបានតែងតាំងដោយក្រុមឧសត្ដមសេនីយ៍ ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រីកាលពីខែកុម្ភៈ ឆ្នាំ២០២១។
គណៈកម្មការនេះនឹងដាក់ជូនអនុសាសន៍របស់ខ្លួន ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាទូទៅជាអ្នកបោះត្រាផ្ដល់ការណែនាំ។ សំណួរជុំវិញអ្នកតំណាងនៅអង្គការសហប្រជាជាតិរបស់សហភាពមីយ៉ាន់ម៉ា ឆ្លុះបញ្ចាំងពីផលវិបាកដែលចេះតែកើនឡើង កំពុងប្រឈមនឹងសកម្មភាពប្រឆាំងរដ្ឋប្រហារ ស្របពេលដែលភាពតានតឹងខាងភូមិសាស្ត្រនយោបាយចេះតែរីកធំ ពាក់ព័ន្ធនឹងការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន