វាយកូនគោល៖ កីឡាការិនីវាយកូនគោលអតីតលេខ ១ ពិភពលោក Lydia Ko បានគ្រងជើងឯកក្នុងក្របខណ្ឌនារី LPGA Tour លើកដំបូងក្រោយខកខានអស់រយៈពេលបីឆ្នាំ បន្ទាប់ពីឈ្នះជើងឯកព្រឹត្តិការណ៍ Lotte Championship នៅកោះហាវ៉ៃ សហរដ្ឋអាមេរិក។

កីឡាការិនីសញ្ជាតិណូវែស៊ីឡង់វ័យ ២៣ឆ្នាំរូបនេះធ្វើបាននៅថ្ងៃចុងក្រោយ ៧អាន់ឌើផាដើម្បីបញ្ចប់ការប្រកួតទាំងស្រុង ២៨អាន់ឌើផា។ នេះជាជើងឯកទី១៦ នៃក្របខណ្ឌ LPGA Tour សំរាប់កីឡាការិនី Lydia Ko និងជាលើកដំបូងតាំងពីឆ្នាំ២០១៨ ដែលឈ្នះជើងឯក Mediheal Championship គិតមកដល់ពេលនេះរយៈពេល ១០៨៤ថ្ងៃ។ ដោយឡែកសំរាប់ចំណាត់ថ្នាក់លេខ២ គឺកីឡាការិនីកូរ៉េខាងត្បូង Inbee Park, កីឡាការិនី Kim Sei-young, កីឡាការិនីអៀកឡង់ Leona Maguire និងកីឡាការិនីអាមេរិក Nelly Korda ដោយកីឡាការិនីទាំង ៤នាក់ធ្វើបាន ២១អាន់ឌើផាដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ