បាល់ទាត់៖ ខ្សែប្រយុទ្ធ Chelsea, Raheem Sterling បានចាកចេញពីក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup កាតាហើយ ដើម្បីត្រលប់ទៅកាន់ទីក្រុងឡុងដ៍បន្ទាប់ពីមានបញ្ហានៅក្នុងក្រុមគ្រួសារ។ បើតាមសារព័ត៌មានអង់គ្លេសឱ្យដឹងថា មានជនដៃដល់សម្រុកចូលផ្ទះរបស់ Sterling ដើម្បីប្លន់យកទ្រព្យសម្បត្តិកាលពីយប់ថ្ងៃសៅរ៍ ខណៈដែលកូនរបស់ Sterling បីនាក់ស្ថិតនៅក្នុងផ្ទះដែរ។
អ្នកចាត់ការអង់គ្លេសលោក Gareth Southgate បាននិយាយក្នុងសន្និសីតសារព័ត៌មាន ក្រោយអង់គ្លេសឈ្នះសេណេហ្កាល់ ៣-០ ឡើងវគ្គ ៨ក្រុមចុងក្រោយថា ពេលខ្លះបាល់ទាត់ទោះបីដើម្បីប្រទេសជាតិក៏មិនមានជារឿងសំខាន់ដែរ ក្នុងពេលដែលគ្រួសារកំពុងមានបញ្ហា ពួកយើងចង់ផ្តល់ពេលវេលាឱ្យគាត់បានដោះស្រាយ ហើយយើងសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងវិញ ពួកយើងចាំដំណឹងពីគាត់ជានិច្ច។
កាលពីឆ្នាំ២០១៨ ក៏ធ្លាប់មានជនដៃដល់ព្យាយាមវាយប្រហារសម្រុកចូលផ្ទះរបស់ Sterling បែបនេះដែរដើម្បីប្លន់យកទ្រព្យសម្បត្តិតែត្រូវឃាត់ខ្លួន។ Raheem Sterling បានក្លាយជាកីឡាករទី២ របស់អង់គ្លេសដែលបានចាកចេញពីកាតា បន្ទាប់ពីខ្សែការពារ Arsenal, Ben White ដែលបានចាកចេញកាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅដោយសារបញ្ហាផ្ទាល់ខ្លួន៕
អត្ថបទ៖នាង សុភាវុធ