ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ កំពុងបន្តនីតិវិធីលើការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរ បានចូលជាធរមាន។
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្តាហ៍កន្លងទៅនេះ ក្នុងឱកាសអញ្ញើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ការនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារក្រៅប្រទេស បានមានប្រសាសន៍ថា អស់រយៈពេលប្រមាណជិត ១០ឆ្នាំហើយ ដែលកម្ពុជាបានសម្រេចការចចារ សម្រាប់ការនាំផ្លែស្វាយចេញទៅកាន់កូរ៉េខាងត្បូង ប៉ុន្តែតាំងពីពេលនោះមក រហូតមកដល់ពេលនេះ ផ្លែស្វាយកម្ពុជានៅតែមិនទាន់សម្រេចបានជាលទ្ធផលក្នុងការនាំចេញ ដោយសារវិស័យឯកជន មិនទាន់អាចធ្វើទៅបានលើហេដ្ឋារចនាសម្ព័ន្ធឡចំហាយទឹកក្តៅដើម្បីរំងាប់ពងដង្កូវនៅក្នុងផ្លែស្វាយ។
បើតាមអ្នកជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដំណើរការដែលកម្ពុជានឹងអាចនាំផ្លែស្វាយស្រស់ចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូងបាន តម្រូវឲ្យចម្ការស្វាយមានទីតាំងវេចខ្ចប់ ឃ្លាំងត្រជាក់ និងកន្លែងធ្វើប្រព្រឹត្តកម្មភូតគាមអនាម័យ។
មន្រ្តីជំនាញរូបនេះ បានឲ្យដឹងទៀតថា ប្រទេសកូរ៉េ ទទួលយកតែតាមរយៈការដាំដុះ ការថែទាំ ប្រមូលផល ការកម្ចាត់សមាសភាពចង្រៃ និងវេចខ្ចប់ឲ្យបានត្រឹមត្រូវ និងស្របតាមស្តង់ដារកំណត់។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២នេះ ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅទីផ្សារក្រៅស្រុក សម្រេចបានចំនួនប្រមាណ ១៣,៨ម៉ឺនតោន មានការធ្លាក់ចុះជាង ៣១% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ មាននាំចេញទៅប្រទេសវៀតណាម ចិន ថៃ ជប៉ុន រុស្ស៉ី សហរដ្ឋអាម៉េរិក កាហ្សាក់ស្ថាន និងហុងកុង -ល-៕អត្ថបទ៖ ឈិត បូរ៉ាវី

