រុស្ស៊ី៖ រុស្ស៊ីបន្តការវាយលុកដ៏ខ្លាំងរបស់ខ្លួននៅតំបន់ភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែនបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសនៅក្នុងតំបន់ទាំងនោះ។ នៅភាគខាងកើតការប្រយុទ្ធគ្នាខ្លាំងកំពុងកើតឡើង ខណៈកងទ័ពរុស្ស៊ីកំពុងព្យាយាមដណ្តើមការគ្រប់គ្រងទីក្រុង Bakhmut ដែលជាបន្ទាយមួយរបស់អ៊ុយក្រែននៅក្នុងតំបន់ Donetsk។
អភិបាលក្រុង Donetsk លោក Pavlo Kyrylenko និយាយនៅលើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់ស្លាប់នៅក្នុងការប្រយុទ្ធគ្នា។ នៅភាគខាងត្បូង រុស្ស៊ីបានបន្តការវាយប្រហាររបស់ខ្លួនចូលទៅកាន់ផ្នែកខាងលិចទន្លេ Dnipro ក្នុងទីក្រុង Kherson។ អភិបាលក្រុង Kherson និយាយថា រុស្ស៊ីបានបាញ់ផ្លោងមកលើទឹកដីទីក្រុងនេះ ៤៦លើកកាលពីថ្ងៃសៅរ៍តែមួយថ្ងៃ។ អភិបាលក្រុងនិយាយថា មនុស្សម្នាក់ស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួស។ ជាមួយគ្នានេះ វីដេអូដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមបានរាយការណ៍ថា ទាហានអ៊ុយក្រែនមួយចំនួនបានទៅដល់ផ្នែកខាងកើតទន្លេ Dnipro ដែលគ្រប់គ្រងដោយរុស្ស៊ី។
ប្រធានាធិបតីលោក Volodymyr Zelenskyy បានជំរុញឲ្យប្រជាជនអ៊ុយក្រែនអត់ធ្មត់ និងរឹងមាំទប់ទល់ការលំបាកក្នុងរដូវរងា ខណៈក្រុមមន្ត្រីកំពុងប្រឹងប្រែងស្តារឡើងវិញបណ្តាញថាមពល និងសេវាផ្សេងៗដែលត្រូវបានកាត់ផ្តាច់ដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ រុស្ស៊ីបានបាញ់ផ្លោងមកលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អ៊ុយក្រែនចាប់តាំងពីដើមខែតុលាបណ្តាលឲ្យដាច់ចរន្តអគ្គិសនី និងធ្វើឲ្យមនុស្សរាប់លាននាក់គ្មានថាមពលកម្តៅ ខណៈសីតុណ្ហភាពធ្លាក់ចុះទាប៕
អត្ថបទ៖ ប៊ុនថន