ព្រះវិហារ៖ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៤ ខែធ្នូ ចុងសប្តាហ៍កន្លងមកនេះ សមាគម PATA ប្រចាំនៅកម្ពុជា សមាគមទេសចរណ៍ប្រទេសថៃ និងក្រុមហ៊ុនទេសចរណ៍ចំនួន៥ប្រទេសទៀត បានរួមគ្នាធ្វើព្យុះហយាត្រាដើម្បីផ្សព្វផ្សាយបេតិកភណ្ឌជាលើកដំបូង ដើរថ្មើរជើងចម្ងាយផ្លូវ៧ គ.ម ឡើងភ្នំទៅកាន់ប្រាសាទព្រះវិហារ។
បើតាមលោក ធួន ស៊ីណាន សមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា ថ្លែងថា ការធ្វើព្យុះហយាត្រាក្នុងចំណោមអ្នកចូលរួមជាតិអន្តរជាតិប្រមាណជិត ៣០០នាក់ ដើរថ្មើរជើងឡើងភ្នំទៅកាន់ប្រាង្គប្រាសាទព្រះវិហារនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចទំនាក់ទំនងសមាគម និងក្រុមហ៊ុននានាក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងមកពីថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី អេស្ប៉ាញ និងប្រទេសនានាទៀត ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះវិហារ និងការរៀបចំកញ្ចប់ទេសចរណ៍មកទស្សនាខេត្តព្រះវិហារឲ្យមានកំណើនឡើងវិញ។
អ្នកចូលរួមដើរឡើងភ្នំប្រាសាទព្រះវិហារនៅក្នុងប្រទេសកម្ពុជា និងមកពីប្រទេសថៃ បានថ្លែងថា នៅក្រោយការរៀបចំព្រឹត្តិការណ៍ព្យុះហយាត្រា ដើម្បីបេតិកភណ្ឌនេះ គឺនឹងរួមគ្នា ខិតខំព្យាយាមផ្សព្វផ្សាយទេសចរជាតិអន្តរជាតិមកទស្សនាប្រាសាទព្រះវិហារ និងប្រាសាទបុរាណនានាទៀតនៅកម្ពុជា។
ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្លែងថា នេះជាលើកដំបូងហើយ ដែលប្រាសាទព្រះវិហារ បានទទួលកម្មវិធីព្យុះហយាត្រា ដើរថ្មើរជើងឡើងទៅកាន់ប្រាសាទព្រះវិហារ ហើយតាមរយៈការព្រឹត្តិការណ៍នេះ នឹងទាញបាននូវអត្ថប្រយោជន៍ជាច្រើន ជាពិសេស ការផ្សព្វផ្សាយគោលដៅទេសចរណ៍ប្រាសាទព្រះវិហារមកទស្សនាកាន់តែច្រើន។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ថ្លែងថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២នេះ ខេត្តព្រះវិហារមានភ្ញៀវទេសចរក្នុងស្រុកទៅទស្សនាជិត ៣០ម៉ឺននាក់ ដោយភ្ញៀវអន្តរជាតិមកទស្សនាមានប្រមាណតែ ៦០០០នាក់ប៉ុណ្ណោះ៕អត្ថបទ ស៊ុម សុខជា