ភ្នំពេញ៖ ក្នុងការឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើរសារលិខិតអបអរសាទរ និងអំពាវនាវ៤ចំណុចដល់កម្លាំង អ្នកស័្មគ្រចិត្តរបស់កាកបាទក្រហមកម្ពុជា ដែលមានជាង៥ម៉ឺននាក់។
តាមរយៈសារលិខិត អបអរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា សម្ដេច មានក្តីសោមនស្សរីករាយចូលរួម អបអរជាមួយសមាគមជាតិកាកបាទក្រហម-អឌ្ឍចន្ទក្រហម ទូទាំងសកលលោក ចំនួន១៩២ និងអង្គការ ស្ម័គ្រចិត្តជាតិ-អន្តរជាតិដទៃទៀត ក្នុងការប្រារព្ធទិវានេះ ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័គ្រ ចិត្ត ដែលប្រធានបទនេះ មានគោលបំណងបញ្ជាក់អំពីការត្រូវតែរួមកម្លាំងគ្នាឲ្យបានទ្វេដង ធ្វើសកម្មភាព ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយ ដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កឡើងដោយការប្រែប្រួលអា កាសធាតុ ជំងឺកូវីដ-១៩ វិបត្តិភ័យ សង្គ្រាមតាមតំបន់នានា ដើម្បីវឌ្ឍនភាព និងវិបុលភាពនៅលើ ភពផែន ដីនេះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវ៤ចំណុច រួមមាន ទី១. គណៈកិត្តិយស និងគណៈកម្មាធិការសាខា-អនុសាខា ត្រូវបន្តលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រជាស្មារតី ថវិកា ដល់ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវផែនការសកម្មភាព ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។ ទី២. អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ បន្តពង្រឹងកម្លាំងសាមគ្គីភាព សហការជាមួយភាគីពាក់ព័ន្ធ ធ្វើសកម្មភាពដូចភ្លៀងរលឹម ក្នុងការកសាងភាពធន់សហគមន៍ និងផ្តល់សេវាកម្មជួយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត និងរងគ្រោះ ឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ស្របតាមបាវចនា “សកម្មភាពនៅមូល ដ្ឋាន សម្រេចបានគោលដៅសកល” និង “មិនទុកនរណាម្នាក់ចោល” ។ ទី៣. យុវជន យុវនារី និងអ្នកស្ម័គ្រ ចិត្តទាំងអស់ បន្តតាមដានដោយយកចិត្តទុកដាក់សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ដើម្បីបន្ត ចូលរួមទទួលខុសត្រូវឱ្យបានខ្ពស់ទាំងអស់គ្នា ក្នុងការបន្តទប់ស្កាត់ជំងឺកូវីដ-១៩ មេរោគបំប្លែងថ្មី លើក កម្ពស់កាត់បន្ថយហានិភ័យ និងបញ្ហាប្រឈមនានា បង្កដោយការប្រែប្រួលអាកាសធាតុ វិបត្តិភ័យនានា បញ្ហាកង្វះស្បៀងអាហារ ជាដើម និងធ្វើជាយុវជន ជាអ្នកស្ម័គ្រចិត្តគំរូ ក្នុងការលើកកម្ពស់បរិស្ថានល្អ រស់ នៅមានអនាម័យ លើកកម្ពស់វប្បធម៌នៃការចែករំលែក មិត្តអប់រំមិត្ត ប្រកបដោយចរិយាធម៌ សីលធម៌ល្អ និងបរិយាប័ន្ន និងទី៤. ជនរួមជាតិ ត្រូវបន្តនូវវប្បធម៌ នៃការចែករំលែកជួយគ្នាទៅវិញទៅមក និងលើក កម្ពស់ក្តីស្រឡាញ់ការងារស្ម័គ្រចិត្តក្នុងក្រុមគ្រួសារ បង-ប្អូន មិត្តភ័ក្តិ សាច់ញាតិ ដែលជាមូលដ្ឋានគ្រឹះដ៏រឹង មាំ នៃការពង្រឹងភាពធន់សហគមន៍ និងរួមវិភាគទានយ៉ាងធំធេងដល់វឌ្ឍនភាពជាតិនិង វិបុលភាពប្រជា ជន ៕
អត្ថបទ៖ ទូច សោភ័ណ