អេស្ប៉ាញ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ La Sexta បានរាយការណ៍ថា កញ្ចប់បង្កប់គ្រឿងផ្ទុះចំនួន ៦ ដែលត្រូវបានផ្ញើរទៅកាន់គោលដៅផ្សេងៗគ្នានៅទូទាំងប្រទេសអេស្ប៉ាញកាលពីសប្តាហ៍មុន ទំនងជាការងាររបស់បុគ្គលតែម្នាក់ក្នុងប្រទេស ដោយបានលើកឡើងថា អាជ្ញាធរកំពុងស៊ើបអង្កេតបញ្ហានេះ។ ប៉ុន្តែនគរបាលបានច្រានចោលការជាប់ពាក់ព័ន្ធនៃអង្គភាពសេវាកម្មចារកម្មរុស្ស៊ី។

កាលពីសប្តាហ៍មុន កញ្ចប់សំបុត្របង្កប់គ្រឿងផ្ទុះត្រូវបានផ្ញើរទៅកាន់ស្ថានទូតអ៊ុយក្រែន និងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងម៉ាឌ្រីដ ក្រសួងការពារជាតិអេស្ប៉ាញ លំនៅឋានរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez មជ្ឈមណ្ឌលផ្កាយរណបនៅមូលដ្ឋានទ័ពអាកាស Torrejon de Ardoz និងរោងចក្រផលិតអាវុធ Instalaza ក្នុងទីក្រុង Zaragoza។ រុស្ស៊ីបានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ហើយស្ថានទូតរបស់ទីក្រុងមូស្គូក្នុងប្រទេសអេស្បាញបានបញ្ជាក់ថា ខ្លួនថ្កោលទោសរាល់ការគំរាមកំហែង ឬអំពើភេរវកម្មណាមួយ ជាពិសេសអ្នកទាំងឡាយណាដែលប្រព្រឹត្តប្រឆាំងបេសកកម្មការទូត៕
អត្ថបទ៖ ប៊ុនថន