ប្រដាល់៖ កីឡាករប្រដាល់អង់គ្លេស Tyson Fury បានផ្តួលមិត្តរួមជាតិ Derek Chisora ដើម្បីការពារខ្សែក្រវាត់ទំងន់ធ្ងន់ពិភពលោកក្របខណ្ឌ WBC បានសំរេចចុងសប្តាហ៍កន្លងទៅ។

កីឡាករវ័យ ៣៤ឆ្នាំ Tyson Fury បន្តរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួនក្នុងអាជីពប្រដាល់ ក្រោមក្រសែភ្នែកទស្សនិកជន ៥៩៧៦៩នាក់នៅកីឡដ្ឋាននៃក្លឹបបាល់ទាត់ Tottenham Hotspur។ កីឡាករវ័យ ៣៨ឆ្នាំ Derek Chisora ត្រូវបាន Fury វាយសន្ធឹកស្ទើរគ្រប់ទឹកមុនពេលដែលអាជ្ញាកណ្តាលសំរេចបញ្ឈប់ត្រឹមទឹកទី ១០។ នេះជាបរាជ័យលើកទី១៣ សម្រាប់ Derek Chisora ក្នុងចំណោមការប្រកួត ៤៦ និងជាបរាជ័យលើកទី៤ ក្នុងចំណោម ៥លើកចុងក្រោយ។

ចំណែក Tyson Fury ត្រូវបានគេដឹងថានឹងជួបជាមួយគូប្រកួតធំកីឡាករអ៊ុយក្រែន Oleksandr Usyk នៅពេលបន្ទាប់ តែមិនទាន់កំណត់បានពេលវេលាជាក់លាក់នៅឡើយ។ Oleksandr Usyk ដែលបានចូលរួមទស្សនាការប្រកួតរបស់ Fury និង Chisora ដែរនោះ បច្ចុប្បន្នកំពុងគ្រប់គ្រងខ្សែក្រវាត់ទំងន់ធ្ងន់ពិភពលោក ៤ស្ថាប័នរួមមាន IBF IBO WBO និង WBA៕
អត្ថបទ៖នាង សុភាវុធ