ក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញពិនិត្យនិងការកញ្ចប់វិញ្ញាសារ ដើម្បីដំណើរការសម័យប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យការប្រឡង ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ ណែនាំ និងជម្រុញដល់ប្អូនៗជាបេក្ខជនបេក្ខនារីទាំងអស់ ដែលត្រូវចូល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំធ្វើឱ្យបានល្អត្រឹមត្រូវទៅលើវិញ្ញាសារ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «អ្នកចេះ គឺជាប់» ។
ជាមួយគ្នានេះដែរ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែធ្នូនេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២នេះ នៅខេត្តក្រចេះ បានប្រព្រឹត្តទៅដោយរលូន ដោយមន្ទីរអប់រំខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត ក្នុងការថែរក្សាទុកដាក់វិញ្ញាសារតាំងពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃប្រឡងនេះ គឺមានសុខសុវត្ថិភាពល្អ ។
លោក បន្តថា នៅក្នុងកិច្ចដំណើរការប្រឡងនៅឆ្នាំនេះ គឺមន្ទីរអប់រំខេត្ត បានសហការជាមួយ ស្នងការរដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សម្រាប់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពមណ្ឌល ក៏ដូចជាសុវត្ថិភាពវិញ្ញាសារ ។ ក្នុងនោះ សម្រាប់អ្នកសង្កេតការនៃការប្រឡង មន្ទីរអប់រំខេត្ត ក៏បានសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ និងគណៈកម្មាការមេប្រយោគទូទាំងប្រទេស នៅតាមមណ្ឌលប្រឡងនីមួយៗ ។
គូសបញ្ជាក់ថា នៅខេត្តក្រចេះ មានបេក្ខជនសរុប ២.១៩២នាក់ ស្រី ១.១៦០នាក់ ក្នុងនោះបេក្ខជនស្វ័យរិន ៣១២នាក់ ស្រី ១៤១នាក់ មានមណ្ឌលប្រឡង សរុប ៤មណ្ឌល ក្នុងនោះមណ្ឌលវិទ្យាសាស្ត្រ ២ និងមណ្ឌលវិទ្យាសាស្ត្រសង្គម ២ ស្មើនឹង ៨៨បន្ទប់ ។
លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានបញ្ជាក់បន្ថែមថា ការប្រឡង១ថ្ងៃពេញ សម្រាប់ថ្ងៃទី១នេះ គឺអវត្តមានច្រើនចំពោះបេក្ខជនស្វ័យរិននៅឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំផងដែរ ៕ ដោយ៖ សេង ម័រ







