ព្រះសីហនុ ៖ បេក្ខជនប្រឡងក្នុងខេត្តព្រះសីហនុ បានអវត្តមានចំនួន១៩នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួនជាង១.៧០០នាក់ ខណៈថ្ងៃដំបូង នៃដំណើរការប្រឡង គឺប្រព្រឹត្តទៅដោយរលូនល្អ ។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដព្រះសីហនុ បានឱ្យដឹងថា ស្ថានភាពមណ្ឌលប្រឡង និងបេក្ខជន ពុំមានបញ្ហាអ្វីទេ នៅក្នុងមណ្ឌលប្រឡងទាំង០៥ ដែលមាន៧១បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ២មណ្ឌល ស្មើ២១បន្ទប់ និងថ្នាក់សង្គម ៣មណ្ឌល ស្មើ ៥០បន្ទប់។ ចំនួនបេក្ខជនមានឈ្មោះប្រឡង ១៧១៤ (ស្រី៩១០) ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្តមានបេក្ខជន ៤៨៥នាក់ (ស្រី២៩១) និងថ្នាក់វិទ្យាសាស្រ្តសង្គមមានបេក្ខជន ១.២២៩នាក់ (ស្រី៦១៩)។ ក្នុងចំណោមបេក្ខជនទាំងអស់ ១.៧១៤នាក់ មានបេក្ខជនអវត្តមាន (មិនមកប្រឡង) ចំនួន ១៩នាក់ (ស្រី០៨) ដែលជាសិស្សស្វ័យរិន និងបំពេញវិជ្ជា ១៥នាក់ (ស្រី៥) និងសិស្សចំណេះទូទៅ ០៥នាក់ (ស្រី៣) ។
លោកស្រី បានបញ្ជាក់ថា លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ទទួលបន្ទុកវិស័យអប់រំ បានឧបត្ថម្ភគាំទ្រដល់ដំណើរការប្រឡង សម្រាប់មណ្ឌលប្រឡងទាំងប្រាំ ក្នុងខេត្តព្រះសីហនុ មានដូចជា ម៉ាស់ ចំនួន៦កេះធំ ទឹកបរិសុទ្ធសម្រាប់បេក្ខជន និងគណៈកម្មការទាំងអស់។ ឧបត្ថម្ភកន្លែងផ្ញើកង់ម៉ូតូមិនគិតប្រាក់ ទាំងប្រាំមណ្ឌល ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារបីពេលជូនចំពោះបេក្ខជនមកពីឆ្ងាយ ៤២៩នាក់ និងជំនួយការអប្បមាទ អ្នកអង្កេតការណ៍ និងយុវជនស្ម័គ្រចិត្តជួយផ្នែកខាងក្រៅ កងកម្លាំង និងក្រុមគ្រូពេទ្យ ៕ អត្ថបទ៖ គង់ ប៊ុនថា