
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជឺមីន (Jiang Zemin)អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅនៅស្ថានទូតចិន ប្រចាំនៅកម្ពុជា។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ជូនឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន នូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចចំពោះ ឯកឧត្តម ជាំង ជឺមីន (Jiang Zemin) អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងពេលចូលគោរពវិញ្ញាណក្ខន្ធ សម្តេចតេជោ ហ៊ុន សែន បានសរសេរសាររំលែកទុក្ខនៅក្នុងសៀវភៅក្រាំងមាស ដោយលើកឡើងដូចតទៅ៖«មរណភាពរបស់ ឯកឧត្តម អតីតប្រធានាធិបតី គឺជាការបាត់ បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់ចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិតរបស់ ឯកឧត្តម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន និងវិបុលភាពនៃប្រទេសចិន។
ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្តម អតីតប្រធានាធិបតីចិន មិនត្រឹមតែផ្តល់គម្រូវីរភាពដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការគោរពស្រលាញ់ពីប្រជាជន ក្នុងបញ្ហាប្រទេសនានានៅលើសកលលោកផងដែរ។
ឯកឧត្តម ជាំង ជីមីន ក៏ជាមិត្តដ៏ល្អរបស់កម្ពុជាផងដែរ។ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នាឆ្នាំ២០០០ របស់ឯកឧត្តម បានផ្តល់សារសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះគ្រួសារអតីតប្រធានាធិបតី ជាំង ជីមិន រដ្ឋាភិបាល និងប្រចាជនចិន ក្នុងឱកាសដ៏ក្រៀមក្រំនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំ កិត្យានុភាពរបស់ឯកឧត្តមអតីតប្រធានាធិបតី នឹងត្រូវបានចងចាំ និងគោរពស្រលាញ់ជារៀងរហូត»។
រាជរដ្ឋាភិបាលកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ជាំង ជឺមីន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕



