អឺរ៉ុប៖ ការដាក់បម្រាមរបស់សហភាពអឺរ៉ុបលើការដឹកជញ្ជូនប្រេងឆៅតាមសមុទ្ររបស់រុស្ស៊ី បានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃចន្ទ ស្របពេលដែលប្លុកនេះ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានកំណត់តម្លៃ ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែលសម្រាប់ការនាំចេញប្រេង។
បម្រាមលើការដឹកជញ្ជូនរបស់សហភាពអឺរ៉ុបត្រូវបានព្រមព្រៀងកាលពីខែមិថុនា ស្របពេលកញ្ចប់ទណ្ឌកម្មទី៦ បានដាក់លើទីក្រុង Moscow ជាប់ពាក់ព័ន្ធក្នុងជម្លោះនៅអ៊ុយក្រែន។ ប្លុកនេះកំពុងបញ្ឈប់ការដឹកជញ្ជូនការនាំចូលប្រេងជាផ្លូវការពីរុស្ស៊ីចាប់ពីថ្ងៃទី៥ ខែធ្នូសប្ដាហ៍នេះលើកលែងតែប្រទេសប៊ុលការី។ ការដឹកជញ្ជូនតាមដីគោកតាមរយៈបំពង់បង្ហូរប្រេង Druzhba ទៅកាន់ហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆែកក៏មិនត្រូវបានរាប់បញ្ចូលដែរ។ ចំណាត់ការនេះរាប់បញ្ចូលទាំងការរឹតត្បិតលើការធានារបស់សហភាពអឺរ៉ុប សម្រាប់ការផ្គត់ផ្គង់ប្រេងតាមនាវាចេញពីរុស្ស៊ីទៅកាន់ប្រទេសទី៣។
ការកំណត់តម្លៃលើប្រេងរុស្ស៊ីបានព្រមព្រៀងកាលពីសប្ដាហ៍មុន ដោយបណ្ដាប្រទេសនៅសហភាពអឺរ៉ុប និងក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 និងអូស្ត្រាលីក៏បានចូលជាធរមានផងដែរកាលពីថ្ងៃចន្ទ ទី៥ ខែធ្នូសប្ដាហ៍នេះ។ វិធានការនានាកំណត់តម្លៃអតិបរមា ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែលសម្រាប់ការទិញប្រេងពីរុស្ស៊ី។ ចំណែករុស្ស៊ីវិញបាននិយាយហើយថា ខ្លួននឹងមិនផ្គត់ផ្គង់ប្រេងឲ្យទៅប្រទេសទាំងនោះ ដែលគាំទ្រការកំណត់តម្លៃផ្ទុយទៅនឹងតម្លៃទីផ្សារប្រេងឡើយ៕ អត្ថបទ៖ សុខមាន

