ភ្នំពេញ៖ យុទ្ធនាការចុះធ្វើអត្តសញ្ញាណបណ្ណដល់តាមភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ ស្មើនឹង១០៥សង្កាត់ នៅរាជធានីភ្នំពេញ កម្លាំងនគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌទាំងអស់ បានចុះធ្វើអត្តញ្ញាណបណ្ណជូនប្រជាពលរដ្ឋគិតមកដល់ពេលនេះបានប្រមាណ ៤,៣៦៧នាក់ហើយ។
នេះបើយោងតាមលោកវរៈសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។
លោកវរៈសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់បន្ថែមទៀតថា ការចុះធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ រយៈពេល ៥ថ្ងៃមកនេះ ថ្ងៃទី១ ធ្វើបាន ៣៧៣នាក់, ថ្ងៃទី២ ធ្វើបាន ៨១៣នាក់, ថ្ងៃទី៣ ធ្វើបាន ៨៤៤នាក់, ថ្ងៃទី៤ ធ្វើបាន ១,០៦៣នាក់ និងថ្ងៃទី៥ ធ្វើបាន ១,២៧៤នាក់ សរុបចំនួន ៤,៣៦៧នាក់។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញបន្ថែមក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋទាំងពីរភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងនៅសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមស្នងការ បានណែនាំដល់ការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ត្រូវចាប់ផ្ដើមចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់តាមភូមិ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា៕









