រុស្ស៊ី៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា ការកំណត់តម្លៃប្រេងនាំចេញរបស់រុស្ស៊ីដែលត្រូវបានព្រមព្រៀងដោយសហភាពអឺរ៉ុប ប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 និងអូស្ត្រាលីនឹងមិនប៉ះពាល់ដល់យុទ្ធការយោធារបស់ទីក្រុង Moscow នៅក្នុងប្រទេសអ៊ុយក្រែនទេ។

ការកំណត់តម្លៃប្រេង ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ក្នុងគោលបំណងបិទកញ្ចប់ប្រាក់ចំណូលរបស់រុស្ស៊ី ខណៈកំពុងធ្វើឲ្យប្រាកដថា ទីក្រុង Moscow នៅតែបន្តផ្គត់ផ្គង់ដល់ទីផ្សារសកល។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សេដ្ឋកិច្ចរបស់សហព័ន្ធរុស្ស៊ីសុទ្ធតែមានសក្ដានុពលដ៏ចាំបាច់ទាំងអស់ សម្រាប់បំពេញតម្រូវការ និងភាពចាំបាច់ពេញលេញនៃប្រតិបត្តិការសឹក ដោយប្រើប្រាស់ពាក្យពេចន៍របស់ទីក្រុង Moscow ហៅសម្រាប់ការវាយប្រហារនៅអ៊ុយក្រែន។ លោកថា ចំណាត់ការទាំងអស់នេះមិនប៉ះពាល់ដល់ប្រភពហិរញ្ញវត្ថុសម្រាប់សង្គ្រាមនៅអ៊ុយក្រែនឡើយ។ លោកថា រុស្ស៊ីនឹងមិនទទួលស្គាល់ការកំណត់តម្លៃដែលនឹងបង្កឲ្យមានអស្ថិរភាពដល់ទីផ្សារថាមពលសកល និងធ្វើឲ្យផ្លាស់ប្ដូរតម្លៃប្រេងនោះទេ៕
អត្ថបទ៖ សុខមាន