បាល់ទាត់៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េលោក Paulo Bento បានសំរេចចាកចេញពីតំណែងហើយ ក្រោយកូរ៉េចាញ់ប្រេស៊ីល ៤-១ ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ World Cup 2022 នៅកាតា។ បុរសវ័យ ៥៣ឆ្នាំសញ្ជាតិព័រទុយហ្កាល់រូបនេះត្រូវបានតែងតាំងឱ្យដឹកនាំកូរ៉េកាលពីខែសីហា ឆ្នាំ២០១៨។
លោក Bento បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា លោកបានប្រាប់កីឡាករក្នុងក្រុមទាំងអស់ ក៏ដូចជាប្រធានសហព័ន្ធបាល់ទាត់កូរ៉េរួចរាល់ហើយ ហើយនេះគឺជាការសំរេចចិត្តរបស់លោកតាំងពីខែកញ្ញាម្ល៉េះ។ លោកសូមអរគុណអ្នករាល់គ្នាសម្រាប់ការគាំទ្រ អរគុណកីឡាករក្នុងក្រុមទាំងអស់ លោកពិតជាមានមោទកភាពលើពួកគេ ហើយរូបលោកក៏មានមោទកភាពដែរដែលបានឈរជើងជាគ្រូបង្គោលក្រុមកូរ៉េ និងទទួលបានការទុកចិត្តអស់រយៈពេល ៤ឆ្នាំកន្លងមក។ សូមបញ្ជាក់ថា កូរ៉េឡើងមកកាន់វគ្គ ១៦ក្រុមចុងក្រោយនេះ ក្រោយយកឈ្នះព័រទុយហ្កាល់ប្រកួតចុងក្រោយក្នុងពូល ២-១ ដើម្បីឈរលេខ២ ក្នុងពូល H មុនជួបប្រេស៊ីលកាលពីយប់មិញនេះ៕
អត្ថបទ៖នាង សុភាវុធ