អាមេរិក៖ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងទទួលបានចំនួនអ្នកជំងឺចូលសម្រាក នៅមន្ទីរពេទ្យខ្ពស់បំផុតដោយសារជំងឺផ្ដាសាយធំ ដែលប្រទេសនេះបានមើលឃើញរយៈពេល ១ទសវត្សរ៍នៅឆ្នាំនេះ ដោយបន្ថែមថា កុមារចំនួន ១៤នាក់បានស្លាប់ព្រោះជំងឺនេះ។
ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិកលោកស្រី Rochelle Walensky បានបន្ថែមថា ប្រព័ន្ធមន្ទីរពេទ្យនៅអាមេរិកក៏បានបន្តដោះស្រាយ ចំនួនអ្នកជំងឺដ៏ច្រើនដែលមានជំងឺផ្លូវដង្ហើម ដូចជាវីរុសចម្លងតាមផ្លូវដង្ហើម ឬ RSV និងវីរុស COVID-19។ យោងតាមការប៉ាន់ប្រមាណរបស់មជ្ឈមណ្ឌលខាងលើ មានអ្នកជំងឺយ៉ាងហោចណាស់ ៨លាន ៧សែននាក់ អ្នកជំងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៨.០០០នាក់ និងស្លាប់ចំនួន ៤.៥០០នាក់ដោយសារជំងឺផ្ដាសាយធំនៅរដូវកាលនេះ។ មជ្ឈមណ្ឌលនេះបានជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការ។
លោកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទថា ពិសេសជំងឺចម្លងតាមផ្លូវដង្ហើម RSV និងជំងឺផ្ដាសាយនេះមានកម្រិតខ្ពស់ជាងធម្មតាដែលគេបានមើលឃើញនៅឆ្នាំនេះ។ លោកស្រីថា រដូវផ្ដាសាយបានចាប់ផ្ដើមលឿន ហើយចំនួនអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺនេះនៅតែបន្តកើនឡើងខ្ពស់បំផុត ដែលមិនធ្លាប់បានឃើញដូចនៅឆ្នាំនេះក្នុងរយៈពេល ១០ឆ្នាំមកនេះ៕
អត្ថបទ៖ សុខមាន