ភ្នំពេញ៖ ក្រុមការងារជំនាញ សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង កំពុងតាមដានអភិរក្ស ឆ្អឹងលលាដ៍ និងបំណែកឆ្អឹង និងខ្នោះឃ្នៀងធ្វើទារុណកម្ម ដើម្បីធ្វើការអភិរក្សឯកសារ និងវត្ថុតាងប្រវតិ្តសាស្រ្ត។
បើតាមលោកស្រី ខូ ចិន្តា ប្រធានផ្នែកអភិរក្ស និងជួសជុល នៃសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះថា បច្ចុប្បន្នក្រុមការងារកំពុងធ្វើការអភិរក្ស វត្ថុតាង នៅក្នុងសារមនី្ទរ មានដូចជា៖ ខ្នោះជើង កេសគ្រាប់ ច្រវ៉ាក់ជាដើម មួយវិញទៀតក្រុមការងារក៏បានធ្វើការអភិរក្សវាយនភណ្ឌ ដែលមានចំនួនសរុប១៣៣៣ ហើយវាយនភណ្ឌដែលជាបំណែក មានចំនួនជាង២១ប្រអប់ ដែលបានរក្សាទុកនៅក្នុងឃ្លាំងមួយចំនួន និងមួយចំនួនទៀត បានរៀបចំដាក់តាំងពិព័រណ៌នៅអគារ«A» និងមួយចំនួនទៀត ដាក់តាំងពិព័រណ៌នៅអគារ«B»។
ចំណែកលោក ហង្ស និស្ស័យ ប្រធានសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានឲ្យដឹងដែរថា មកដល់ពេលនេះសារមនី្ទរមានមន្រី្តបច្ចេកទេស ដែលទទួលការបណ្តុះបណ្តាលពីគម្រោង ដែលឧបត្ថម្ភដោយ ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (កយកា-KOICA) និងមានការសម្របសម្រួលដោយអង្គការយូណេស្កូ ភ្នំពេញ។ សព្វថ្ងៃយើងមានមន្រី្តអភិរក្ស ក្រដាសចំនួន០២រូប ដែលមានសមត្ថភាព ជួសជុល និងអភិរក្ស ដែលក្រដាសដែលខូចខាត និងមានមន្រី្តជំនាញថតចម្លងចំនួន០៣រូប ជាពិសេសមន្រី្តសារមនី្ទរទួលស្លែង បានជួយការងារសារមនី្ទរជាតិជាច្រើន លើការថតចម្លង។ ក្រៅពីនោះយើងក៏មានមន្រី្តជំនាញ០៣រូប ដែលជាអតីតនិសិ្សតមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រ និងសិល្បៈខាងជួសជុល និងអភិរក្ស លើវត្ថុតាងប្រវតិ្តសម្រាប់ធ្វើទារុណកម្មជនរងគ្រោះ។
ជាចុងក្រោយលោក ហង្ស និស្ស័យ ក៏សូមអំពាវនាវដល់ប្អូនៗនិសិ្សត មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រ និងសិល្បៈ ក៏ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬក៏សាកលវិទ្យាល័យដទៃទៀត មានបំណងហាត់ការ ឬក៏មានបំណងស្វែងយល់អំពីការងាររបស់សារមនី្ទរ សូមអញ្ជើញទាក់ទងមកក្រុមការងារសារមនី្ទរ ដើម្បីស្ម័គ្រចិត្តចូលរួមការងារជាមួយសារមនី្ទរ ដើម្បីទទួលបានចំណេះដឹង លើការងារអភិរក្សឯកសារ និងការងារអភិរក្សវត្ថុតាងប្រវតិ្តសាស្រ្ត និងការងាររដ្ឋបាលទូទៅក្នុងសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងផងដែរ៕អត្ថបទ រដ្ឋា










