កំពង់ឆ្នាំង៖ ក្រោយពីការខិតខំរបស់ប្រជាពលរដ្ឋ អាជ្ញាធរក្រុងខេត្ត និងសង្កាត់ ថ្មីៗនេះ ក្រុងកំពង់ឆ្នាំង នឹងគ្រងតំណែងជ័យលាភីទីក្រុងស្អាត « ផ្ការំដួល៣ទង » ពីរាជរដ្ឋាភិបាល ។ នេះជាលើកទី១ ហើយ ដែលកាលកន្លងទៅ ក្រុងកំពង់ឆ្នាំងបានត្រឹមតែ ផ្ការំដួល២ទង ២លើកជាប់គ្នាតែប៉ុណ្ណោះ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះថា ជ័យលាភីនេះ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងរយៈពេលពេញ៣ឆ្នាំកន្លងមក ។ យើងមិនត្រូវមានមោទនភាពចំពោះជ័យលាភីនេះ ដោយភ្លេចបន្តធ្វើការងារនោះឡើយ យើងនឹងមិនទម្លាក់ដៃឡើយ គឺនឹងរក្សាជ័យលាភីខាងលើ និងបង្កើនពិន្ទុឱ្យខ្ពស់ជាងលើកមុនៗទៀត ។ ទៅមុខនេះ ខេត្តមានគោលការណ៍ស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងមួយចំនួន ដូចជាកែលម្អផ្លូវទាងអស់ក្នុងក្រុងកំពង់ឆ្នាំង អោយទៅជាផ្លូវកៅស៊ូAC និងប៊េតុង ។ ឯកឧត្តមអភិបាលខេត្ត ក៏បានអរគុណដល់ប្រតិបត្តិករណ៍ ទេសចរណ៍ និងប្រជាពលរដ្ឋគ្រប់រូប ដែលបានចូលរួមក្នុងការងាររៀបចំក្រុងនាពេលកន្លងមក ដែលធ្វើឱ្យមានលទ្ធផលដូចមានថ្ងៃនេះ។
គួរបញ្ជាក់ថា មូលដ្ឋាននៃការវាយតម្លៃទីក្រុងស្អាត ផ្អែកលើសូចនាករចំនួន៧ ចំណុច ។ ទី១ សូចនាករ គោលនៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន, ទី២ សូចនាករនៃភាពស្អាត, ទី៣ សូចនាករនៃការគ្រប់គ្រងសំណល់, ទី៤ សូចនាករនៃការបញ្ជ្រាបការយល់ដឹង, ទី៥ សូចនាករនៃតំបន់បៃតង, ទី៦ សូចនាករសុវត្ថិភាពសុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង, និងទី៧ សូចនាករ នៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ ។ លំដាប់ ពិន្ទុ សម្រាប់ជ័យលាភី «ផ្ការំដួល ៣ទង» ចន្លោះពី៥៨ និង៧៧ នៃលក្ខណៈវិនិច្ឆ័យ ៕ អត្ថបទ៖ ហុង វាស្នា




