កណ្ដាល៖ ទីតាំងល្បែងជល់មាន់មួយកន្លែង ស្ថិតនៅក្នុងដីឡូត៍របស់ លោក ពោច សួរ ក្បែរផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ទើបមានកិច្ចសន្យាជួលដីទៅឱ្យបុគ្គល ឈឿន សារុំ ជាជនសង្ស័យទទួលទោស។
សូមបញ្ជាក់ថា ក្រោយពីល្បីរឿងទីតាំងល្បែងជល់មាន់ បើកដំណើរស្ថិតនៅក្នុងដីឡូត៍របស់ លោក ពោច សួរ គឺមានភាពមិនប្រក្រតីមួយរវាងកិច្ចសន្យាជួលដីដោយសង្ស័យម្ចាស់ដី ធ្វើលិខិតដើម្បីដោះខ្លួន រួចទម្លាក់កំហុសឱ្យអ្នកផ្សេងទទួលទោសជំនួសរូបគាត់ ក្រោមហេតុផលជួលដី។
បើយោងតាមការបញ្ជាក់ឲ្យដឹងពី លោក ឆាយ សេន មេឃុំព្រែកតាមាក់ បានបញ្ជាក់ប្រាប់ឱ្យដឹងនៅព្រឹកទី០៥ ខែធ្នូ២០២២ថា លិខិតជួលដីរវាងលោក ពោច សួរ នឹងឈ្មោះ ឈឿន សារុំ រួមនិងឈ្មោះ ពោច ឈុននី ភេទស្រី គឺទើបនឹងធ្វើនៅថ្ងៃទី០៤ ខែធ្នូ ២០២២ ម្សិលមិញទេ ព្រោះលោកជាអ្នកចុះហត្ថលេខាផ្ទាល់ដៃ ហើយនៅក្នុងកិច្ចសន្យាជួលដីនោះគឺដាក់តាំងពីខែមករា ឆ្នាំ២០២២មកម្ល៉េះ។
ជុំវិញករណីនេះសមត្ថកិច្ចប៉ូលិសស្រុកខ្សាច់កណ្ដាល នៅល្ងាចម្សិលមិញនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈពេលហៅមកបំភ្លឺ ពាក់ព័ន្ធការផ្ដល់ទីតាំងសម្រាប់"បនល្បែង"។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ឈឿន សារុំ ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ក្នុងនោះ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនផងដែរ។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីករណីបើក"បនល្បែង"ដដែលៗ នៅលើដីឡូត៍របស់ លោក ពោច សួរ ហើយកន្លងទៅលោក ពោច សួរ ក៏ធ្លាប់មានធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព បើកល្បែង កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅដែរ។ ក្រោយពីសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបបានបន្សល់ទុក មាន់ជល់ងាប់១ក្បាល និងរស់១ក្បាល សម្រាប់ឱ្យសមត្ថកិច្ចយកមកធ្វើកំណត់ហេតុ។
លុះព្រលប់ថ្ងៃដដែល "ផ្អែកតាមកិច្ចសន្យាជួលដី រវាងលោក ពោច សួរ និងឈ្មោះ ឈឿន សារុំ រួមនិងឈ្មោះ ពោច ឈុននី ភេទស្រី ទើបសមត្ថកិច្ចហៅឈ្មោះ ឈឿន សារុំ មកសួរនាំធ្វើកំណត់ហេតុ និងឈានដល់ឃាត់ខ្លួនឈ្មោះ ឈឿន សារុំ តែម្ដងទៅ។ ជុំវិញការឃាត់ខ្លួន ឈ្មោះ ឈឿន សារុំនេះដែរ ត្រូវបានគេមើលឃើញថា លោក ពោច សួរ ហាក់កំពុងរៀបចំផែនការសម្ដែងល្ខោន កុហក់សមត្ថកិច្ច ដើម្បីដោះខ្លួន ដោយយកអ្នកផ្សេងមកទទួលកំហុសជំនួសរូបលោក។
នៅថ្ងៃទី០៤.១២.២០២២ បែរជាមានការអះអាង និងបង្ហាញលិខិតជួលដីរវាងលោក ពោច សួរ និងឈ្មោះ ឈឿន សារុំ រួមនិងឈ្មោះ ពោច ឈុននី ភេទស្រី តាំងពី ខែមករា ឆ្នាំ២០២២ ទៅវិញ។ ខណៈដែរលោក ពោច សួរ ធ្លាប់ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ឱ្យឈប់បើកល្បែងស៊ីសង នៅឯខែកុម្ភៈ ឆ្នាំ២០២២ វិញ ។ពោលគឺ កំណត់ហេតុ កិច្ចសន្យាជាមួយសមត្ថកិច្ច នៅខែកុម្ភៈ ឆ្នាំ២០២២ ទាំងដែលលោក ពោច សួរ ជួលដីឱ្យឈ្មោះ ឈឿន សារុំ តាំងពី ខែមករា ឆ្នាំ២០២២ មុនកិច្ចសន្យា១ខែ។
ទាក់ទងទៅនឹងករណីខាងលើនេះ លោក ពោច សួរ ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារទូរទស្សន៍ BTV ប្រចាំខេត្តកណ្ដាលផងដែរថា កន្លងមកទីតាំងដីមួយកន្លែងនេះធ្លាប់បានជួលទៅឲ្យប្អូនជីដូនមួយធ្វើអាជីវកម្ម ដោយពុំបានធ្វើកិច្ចសន្យាជួលត្រឹមត្រូវ ហើយគាត់យកទីតាំងដីនេះបើកល្បែងស៊ីសងជល់មាន់ខុសច្បាប់ ទើបសមត្ថកិច្ចហៅ លោក ពោច សួរ ដែលជាម្ចាស់ទីតាំងធ្វើកិច្ចសន្យាម្ដងរួចមកហើយ។ ទាក់ទងទៅនឹងកិច្ចសន្យាថ្មីដែលលោកទើបតែធ្វើនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នេះ លោកក៏បានបញ្ជាក់ថា ដោយសារតែលោកបានបាត់នៅឯកសារកិច្ចសន្យាចាស់៕អត្ថបទ៖ ម៉ង់








