ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីណែនាំបន្ថែមទៀតទៅអាជ្ញាធរ ដើម្បីរឹតបន្តឹងការអនុវត្តវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ក្នុងសេចក្ដីណែនាំនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរឱ្យបិទផ្សារ ឬទីតាំងទាំងឡាយណាដែលមិនរៀបរយ និងបង្កជាហានិភ័យខ្ពស់ចំពោះការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។
ប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាទៅសមត្ថកិច្ចផងដែរឱ្យរឹតបន្តឹងការត្រួតពិនិត្យនៅតាមផ្សារ ទីកន្លែងលក់ស្បៀងអាហារ ភោជនីយដ្ឋាន ឬអាហារដ្ឋានលក់អាហារវេចខ្ចប់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសានេះ ដើម្បីកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩នៅក្នុងភូមិសាស្ត្រទាំងពីរនេះ៕អត្ថបទ ៖ សុធី